(ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា (បាក់ឌុប) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។ នេះបើតាមការឲ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហោះនៅលើ Facebook ផ្លូវការនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
ក្រសួងអប់រំបានបញ្ជាក់ថា ដំណើរការប្រឡងរយៈពេលពីរថ្ងៃមកនេះ បេក្ខជនអវត្តមានសរុបចំនួន១,៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា១.៦៥ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា ដោយឡែកថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ដំណើរការសំណេរទាំងពីរថ្ងៃ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ទោះបីនៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានអាជ្ញាធរដែនដី អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំងមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់។
បើតាមក្រសួងអប់រំ បេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន០៧ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន០៥ករណី និងនាំសំណៅឯកសារចូលមាន០២ករណី។ គណៈមេប្រយោគប្រព្រឹត្តកំហុសឆ្គងដោយទុកជាប់ខ្លួន និងប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងមណ្ឌលសំណេរចំនួន០៥ករណី។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន៦៤ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ក្នុងនោះមាន០៥ករណី ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
ការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានី-ខេត្តនីមួយៗ និងដោយមានការចូលរួមពីមន្ត្រីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ដឹកជញ្ជូនមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព រង់ចាំដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤,៦៥៥បន្ទប់ ទូទាំងប្រទេស៕