(ប៉ៃលិន)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយរយៈ៧ខែ ឆ្នាំ២០១៨ និងទិសដៅបន្តសម្រាប់ឆ្នាំខាងមុខ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកបណ្ឌិត ញ៉ឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមលក្ខណៈជាស្រេចក្រែងមានគ្រោះធម្មជាតិ កើតមានជាយថាហេតុផង ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នរដ្ឋនានាក្នុងខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីពាក់ព័ន្ធ និងមន្រ្តីរាជការបានចូលរួមជាច្រើននាក់ផងដែរ។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ក្នុងអំឡុងពេល៧ខែ ដើមឆ្នាំ២០១៨ ខេត្តប៉ៃលិន ទទួលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ រួមមាន៖ ទី១​ ខ្យល់កន្រ្តាក់បានកើតឡើង០៤លើក បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤៣ខ្នង និងដំណាំមៀនប៉ៃលិន ចំនួន២៩១ដើម, ទី២៖ គ្រោះធម្មជាតិរបន្ទះបាញ់មាន០១ករណី បណ្តាលឱ្យប្រជាពលរដ្ឋ រងរបួសម្នាក់, ទី៣៖ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងរហ័សបណ្តាលឱ្យមនុស្សលង់ទឹកស្លាប់ ចំនួន០២នាក់ និងទី៤៖ គ្រោះថ្នាក់ភ្លើងឆេះផ្ទះចំនួន០១ករណី ខូចខាតផ្ទះសម្បែងចំនួន០៣ខ្នង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា លទ្ធផលការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការជាការងារអន្តរាគមន៍បានឆ្លើយតបនោះ គឺគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសហការជាមួយសាខាកាកបាទក្រហមខេត្ត បាននាំអំណោយសង្រ្គោះបន្ទាន់ទៅចែកជូនដល់គ្រួសាររងគ្រោះ បូករួមទាំងគ្រួសារទីទាល់ក្រជនពិការ និងចាស់ជរាផងដែរ។

លោកបណ្ឌិតទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដែលបានសហការជាមួយ សាខាកាកបាទក្រហមខេត្ត បានចូលរួមគ្នាធ្វើការដោះស្រាយរួចរាល់ការងារទាំងអស់នេះ ដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅខេត្តប៉ៃលិន គឺមានគ្រោះធម្មជាតិតិចតួច ពុំមានគ្រោះមហន្តរាយអ្វីធំដុំឡើយ ហើយបានសង្រ្គោះទាន់ពេលវេលា ចំណែកាការខូចខាតក៍មានតិចតួច ពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ»។ ទេសរដ្ឋមន្រ្តី​ ញឹម វណ្ឌដា បានបន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានធ្វើការត្រួតពិនិត្យការងារ៧ខែដើមឆ្នាំ និងលើកទិសដៅអនុវត្តបន្ត ដូច្នេះយើងត្រូវចុះមើលពីស្ថានភាពទូទៅ នៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ដើម្បីធ្វើការដោះស្រាយតាមការជាក់ស្តែង៕