ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក

(ភ្នំពេញ)៖ នៅវេលាម៉ោង០៦៖៤០នាទីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ​អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប លោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម១» ហើយ បន្ទាប់ពីប្រធានពន្ធនាគារ បានទទួលដីកាបង្គាប់ឲ្យដោះលែងពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងចុះទៅយកព័ត៌មានផ្ទាល់នៅពន្ធនាគារ​។

សូមជម្រាបថា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»