(ភ្នំពេញ)៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វីល (Mark Field) បានអះអាងថា អង់គ្លេសនៅតែបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ ទំនិញរបស់កម្ពុជា បើទោះបីខ្លួនចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយនោះ។
ការអះអាងរបស់លោកអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានធ្វើឡើងក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។
អង់គ្លេសជាប្រទេសដែលទទួលទិញទំនិញរបស់កម្ពុជាដ៏ធំមួយនៅក្នុងតំបន់អឺរ៉ុប ជាពិសេសសម្លៀកបំពាក់ និងស្បែកជើង។ ការដកអនុគ្រោះពន្ធសម្រាប់ទំនិញ របស់កម្ពុជាពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ជាប្រធានបទក្តៅមួយនៅកម្ពុជាឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយ។ ក្នុងនោះក្រុមមេដឹកនាំអតីតបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិ តែងសង្ឃឹមថា នឹងមានការដកអនុគ្រោះពន្ធដើម្បីជាសម្ពាធសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
ផ្ទុយពីការចង់បានរបស់ក្រុមមេដឹកនាំអតីតបក្សប្រឆាំងប្រទេសអង់គ្លេស ជាប្រទេសថ្មីមួយទៀតនៅក្នុងតំបន់អឺរ៉ុប បានប្រកាសផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួយយ៉ាងដូច្នេះ «អង់គ្លេសគាត់បានប្តេជ្ញាចិត្តថា នឹងបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជនេះ ក្រោយចេញពីសហគមន៍អឺរ៉ុបក៏ដោយ»។
ឆ្លើយតបការបន្តការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសផងដែរ។
សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសបានកើនឡើងជាបន្តបន្ទាប់។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មធ្លាប់បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស បានកើនពីជាង ៨០០លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ជាង ៩០០លានដុល្លារក្នុងឆ្នាំ២០១៦ និងរហូតដល់ជាង ១,០២ប៊ីលានដុល្លារ ស្មើជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។
ទំនិញកម្ពុជា ដែលនាំទៅប្រទេសអង់គ្លេសមានដូចជា សម្លៀកបំពាក់ ស្បែកជើង រួមនឹងកសិផលដែលកែច្នៃរួចរាល់មួយចំនួនទៀត ដូចជាអង្ករ និងម្រេចជាដើម៕