(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ លោក ប្រាស៊ីត សៃយ៉ាស៊ីត ក្នុងជំនួបជំរាបលាជាមួយលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា ក្នុងអាណត្តិបេសកកម្មកាទូតរបស់លោក បានកត់សម្គាល់ឃើញពីការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា រាប់តាំងពីសំណង់អាគារ រហូតដល់រថយន្ដយ៉ាងសំបូរបែប ដែលបានបង្ហាញពីកម្រិតជីវភាពប្រជាជនកម្ពុជា មានការរីកចម្រើនខ្លាំង។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានដកស្រង់ខ្លឹមសារក្នុងជំនួបនៅថ្ងៃទី២១ ខែសីហាថា លោក ប្រាស៊ីត សៃយ៉ាស៊ីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយមនុស្សធម៌ ដែលមានទឹកប្រាក់១០០,០០ដុល្លារ និងចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជំនួយនូវទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ ចំពោះជនរងគ្រោះនៃគ្រោះមហន្ដរាយនៅប្រទេសឡាវ នាពេលកន្លងទៅនេះ។
ក្នុងឱកាសនោះ ប្រមុខកាទូតកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ប្រាស៊ីត សៃយ៉ាស៊ីត នៅក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងទាក់ទងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត និងចាត់ទុកថា អាណត្តិបេសកកម្មនេះ គឺស្របពេលដែលប្រទេសកម្ពុជា-ឡាវ ប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងកាទូត ១៩៥៦-២០១៦។
បើតាមក្រសួងការបរទេស ចំពោះកិច្ចសហប្រតិបត្តិការព្រំដែន ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងបន្ដដោះស្រាយកិច្ចការងារនេះ ដោយសន្ដិវិធី ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងលោក ប្រាស៊ីត សៃយ៉ាស៊ីត បានឯកភាពគ្នាថា នឹងបន្ដជំរុញឲ្យកិច្ចប្រជុំជាបន្ដទៀត នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ឡាវ ក៏ដូចជាគណៈកម្មការព្រំដែនកម្ពុជា-ឡាវ៕