(កំពង់ស្ពឺ)៖ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីហ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ចលនាឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៊ី មិនអាចធ្វើអ្វីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោតបាននោះទេ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ចលនាទាំងឡាយណាក៏ដោយ ឲ្យតែមានចេតនាចង់ប្រឆាំង ឬចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺត្រូវបង្ក្រាបទាំងអស់ដោយកម្លាំងសមត្ថកិច្ច ពិសេសកម្លាំងនគរបាលតែម្ដង។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍អគ្គស្នងការរង ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «មុននេះក្រៅពីបទល្មើស នៅក្នុងផ្ទៃប្រទេសមានចលនាប្រឆាំងជាច្រើន ប្រឆាំងដោយសម្ងាត់ គេរៀបចំជាចលនាប្រដាប់អាវុធជាតំបន់អាប្បគម្គ ជាចលនានយោបាយក្រៅច្បាប់ ប៉ុន្ដែមកទល់ម៉ោងនេះអត់មានទៀតទេ មានតែចលនាក្រៅប្រទេសពួកឧទ្ទាម សម រង្ស៊ី ដែលបង្កើតចលនាសង្គ្រោះជាតិ ប៉ុន្ដែមិនអាចធ្វើអ្វីក្នុងប្រទេសកម្ពុជាយើងបាននោះទេ»។

បើតាមនាយឧត្តមសេនីយ៍ អគ្គស្នងការរង បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពសន្ដិភាព សន្ដិសុខ ស្ថេរភាពនយោបាយល្អប្រសើរក៏ពិតមែន ប៉ុន្ដែកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងនគរបាលមិនអាចធ្វេសប្រហែសបាននោះទេ ពោលគឺត្រូវបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះសភាពការណ៍សន្ដិសុខមិនអាចវាយតម្លៃបានមុនឡើយ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ជាក់ស្ដែងការបើកវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេសនៅពេលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលបន្ថែមទៀត ឲ្យត្រៀមខ្លួនដើម្បីរៀបចំថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារសុវត្ថិភាពប្រជាពលរដ្ឋកុំឲ្យមានហានិភ័យកើតឡើង។

ថ្នាក់ដឹកនាំនគរបាលរូបនេះ បានបន្ថែមថា វគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេសនេះ មានធ្វើឡើងតែនៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមតែមួយកន្លែងនេះទេ ពោលគឺធ្វើនៅសាលាបណ្ឌិត្យសភានគរបាល និងគ្រប់បណ្ដាភូមិភាគទាំង៦ ហើយពេលនេះមានសិក្ខាកាមប្រមាណ៤,០០០នាក់ កំពុងតែសិក្សាទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក អ៊ុ អុន នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា សម្រាប់វគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅពេលនេះមានរយៈពេល៣ខែ មានសិក្ខាកាមចំនួន១៥០នាក់ ចូលសិក្សារៀនសូត្រ ដែលមកពីបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន អង្គភាពចំនួន២០ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍នាយកសាលា វគ្គសិក្សានេះត្រូវបង្ហាត់បង្រៀនដោយលោកសាស្ដ្រចារ្យ មកពីក្រសួងនគរបាល នៃសង្គមនិយមវៀតណាមចំនួន៣នាក់ និងគ្រូនគរបាលជាតិប្រចាំសាលាចំនួន១៥នាក់។ ដើម្បីពង្រឹងគុណភាព និងសមត្ថភាពរបស់សិក្ខាកាមក្នុងវគ្គបំប៉ននេះ កម្មវិធីសិក្សាតម្រូវឲ្យអនុវត្តប្រតិបត្តិជាក់ស្ដែងលើទីលាន ចំនួន៩៣.៧ភាគរយ និងការសិក្សាទ្រឹស្ដីក្នុងថ្នាក់រៀនចំនួន៦.៣ភាគរយ៕