(ភ្នំពេញ)៖ ក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅកម្ពុជាឱ្យមានរបៀបរៀបរយ និងជាការក្រើនរំឭកដាស់តឿនដល់បុគ្គលនៅក្រោមច្បាប់ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានជាថ្មីដល់អ្នកធ្លាប់ជាប់ពន្ធនាគារថា សូមកុំនិយាយផ្ដេសផ្ដាសហួសពីសិទ្ធិដែលកំណត់ដោយច្បាប់ បើមិនដូច្នោះទេ អាចប្រឈមនឹង ការជាប់ពន្ធនាគារបន្តបន្ទាប់ទៀត។
ប្រសាសន៍ក្រើនរំឭកយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ-សហគ្រាចំនួន១២ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចេញពីគុកហើយ ក៏កុំព្រហើនពេកដែរ កុំស្មានថាគេមិនហ៊ានចាប់បញ្ចូលគុកវិញ, ច្បាប់នៅប្រទេសកម្ពុជា ឬនៅលើពិភពលោក គេមិនបានហាមឃាត់ថា ជាប់គុកម្ដងរួចហើយ អត់ត្រូវជាប់គុកលើកទី២ ឬលើកទី៣ទេ អត់មានច្បាប់ណាហាមឃាត់ទេ, បើប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត»។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ការប្រកាសបែបនេះមិនមែនបានន័យថា បិទមាត់អ្នកណាម្នាក់នោះទេ ពោលគឺគ្រាន់តែដាស់តឿនដល់អ្នករិះគន់ ក៏ដូចជាអ្នកវិភាគទាំងឡាយ ដែលធ្លាប់និយាយផ្ដេសផ្ដាសប៉ះពាល់ដល់សិទ្ធិអ្នកដទៃ សូមកុំបណ្ដោយការនិយាយតាមតែអំពើចិត្ត តាមតែជីវ្ហិន្ទ្រិយ៍(អណ្តាត)របស់ខ្លួន ហើយហួសពីសិទ្ធិសេរីភាពដែលកំណត់ដោយច្បាប់ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់អ្នកដទៃឱ្យសោះ ពីព្រោះបើមិនដូច្នោះទេ បុគ្គលទាំងនោះនឹងត្រូវដាក់ទោសដោយច្បាប់បន្តបន្ទាប់ទៀតជាក់ជាមិនខាន ទោះបីធ្លាប់ជាប់ពន្ធនាគារ១០០ដងហើយ ក៏នៅតែជាប់បន្តទៀតដែរ។
ការព្រមានយ៉ាងម៉ឺងម៉ាត់ដូច្នេះ ហាក់ចង់សំដៅលើលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គមរអិលមាត់ ដែលទើបត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស (តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី) និងបានចេញពីពន្ធនាគារមានសេរីភាពឡើងវិញកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីអ្នកវិភាគរូបនេះ បានបន្តការវិភាគច្របល់ជាមួយពាក្យរិះគន់ហូរហែ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
បុរសខ្លាំងតេជោ សែន បានបង្ហើបឱ្យដឹងថា នៅក្នុងរដូវបុណ្យភ្ជុំ ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចមានបំណងចង់ថ្វាយសំណើទូលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីប្រោសព្រះរាជទានលើកលែងទោសជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះសម្តេចក៏គ្រោងទូលសុំលើកលែងទោស ឱ្យអតីតសមាជិកបក្សប្រឆាំង១២នាក់ផងដែរ។ ក៏ប៉ុន្តែប្រសិនបើមានការលើកឡើងណាមួយថា ការដោះលែងនេះធ្វើឡើងដោយសារមានគំនាបពីអន្តរជាតិនោះ សម្តេចនឹងពិចារណាឡើងវិញចំពោះសណ្ដានចិត្តនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ បន្ទាប់ពីលទ្ធផលផ្លូវការនៃការបោះឆ្នោតថ្នាក់ជាតិបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានអាសនៈទាំង១២៥ នៅរដ្ឋសភារួចមកនោះ អ្នកទោសមួយចំនួន ដែលមានទាំងអ្នកវិភាគ សកម្មជនដីធ្លី អ្នកកាសែត ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វាយសំណើទូលព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសជាបន្តបន្ទាប់ ហើយបើតាមប្រសាសន៍ខាងលើរបស់សម្ដេចតេជោ អាចនឹងមានអ្នកទោសជាបន្តបន្ទាប់ទៀតនឹងត្រូវដោះលែងពីពន្ធនាគារ៕