(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ទៅកាន់ក្រុមប្រឆាំងមួយចំនួន ដែលបានវាយប្រហារលើការចាត់តាំងសម្តេចដើម្បីរៀបចំ សមាសភាពរាជរដ្ឋាភិបាល ដើម្បីស្នើសុំការបោះឆ្នោតសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ សម្តេចបានថ្លែងថា ក្រុមប្រឆាំងទាំងនោះ បែងចែកអំពីពាក្យថា «តែងតាំង និងចាត់តាំង» មិនច្បាស់លាស់ផង តើមានសមត្ថភាពឯណាទៅដឹកនាំរាជរដ្ឋាភិបាលនោះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែផ្តាំត្រឡប់ទៅវិញថា អស់លោកតាំងខ្លួនជាអ្នកចេះ ប៉ុន្តែគ្រាន់តែពាក្យតែងតាំង ឬចាត់តាំង អស់លោកមិនបានបែងចែកច្បាស់លាស់ផង ព្រះមហាក្សត្ រព្រះអង្គចាត់តាំងវរជនម្នាក់ដែលចេញពីគណបក្សឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល ហើយនាំសមាសភាពនោះទៅសុំការទុកចិត្តពីរដ្ឋសភា នេះគឺខុសពីការតែងតាំង ក្រោយពេលបោះឆ្នោតសុំសេចក្តីទុកចិត្តពីរដ្ឋសភាហើយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា តែងតាំងរាជរដ្ឋាភិបាល ដូច្នេះសង្ឃឹមថា អ្នកដែលតាំងខ្លួនជាអ្នកចេះដឹង គួរតែបែងចែកឱ្យបានច្បាស់អំពីពាក្យថា តែងតាំង និងចាត់តាំង»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការចាត់តាំងសម្តេចជាអ្នករៀបចំផ្គូរផ្គង់សមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា គឺអនុឡោមទៅតាមធម្មនុញ្ញបន្ថែម ដែលជាច្បាប់ពិសេសមួយទៀត បន្ទាប់ពីរដ្ឋធម្មនុញ្ញ។
សម្តេចបានរិះគន់ទៅកាន់ក្រុមប្រឆាំងដែលយករឿងនេះវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះថា ពួកគេមិនអាចដឹកនាំរាជរដ្ឋាភិបាលបានទេ បើសិនជាមិនអាចបែងចែកនូវពាក្យចាត់តាំង និងតែងតាំងផងនោះ។ សម្តេចថ្លែងថា ដោយសារតែការមិនយល់អំពីច្បាប់នេះហើយទើបធ្វើឱ្យពួកគេត្រូវបែកបាក់ខ្ទេចខ្ទីរហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦៕