(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា ករណីចោរប្លន់ធនាគារឥណ្ឌូឆាយណា នៅបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្រដាប់អាវុធទាំងនេះ។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ដែលបានចុះទៅដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវនេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «នៅពេលនេះកម្លាំងនគរបាលជំនាញ កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្ដទុកជាបន្ទាន់ លើករណីក្រុមចោរប្រដាប់អាវុធដែលប្លន់ធនាគារនេះ»

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ មិនទាន់អាចបញ្ជាក់អំពីអត្ដសញ្ញាណក្រុមជនសង្ស័យនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រុមចោរជាជនជាតិខ្មែរ មិនមែនបរទេសឡើយ ហើយជំហ៊ានដំបូងនេះ អាចមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង និងប្រដាប់ដោយអាវុធខ្លី។

បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានរាយការណ៍ថា មុនដំបូងក្រុមចោរបានធ្វើសកម្មភាពភ្ជង់សន្ដិសុខនៅមុខក្រោយ ហើយបក្ខពួកផ្សេងទៀត បានចូលទៅក្នុងធនាគារ ដើម្បីធ្វើសកម្មភាពប្លន់យកលុយ រួចគេចចេញពីកន្លែងកើតហេតុភ្លាមៗ។

សូមជម្រាបថា មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ ដោយមានការអះអាងថា ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។​

ធនាគារដែលក្រុមចោរចូលប្លន់នេះ ស្ថិតនៅក្បែវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ព័ត៌មានបឋមពីមន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាពប្លន់លុយអស់ជាច្រើនផងដែរ៕