(ភ្នំពេញ)៖ ការចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃពីសំណាក់ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់ កំពុងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ។ ករណីប្លន់នេះយកលុយអស់ប្រមាណ១០ម៉ឹនដុល្លារ។
ទោះយ៉ាងណាក្រុមចោរសមត្ថកិច្ចមិនទាន់បានវែកមុខនៅឡើយទេ តែសមត្ថកិច្ចបានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពហើយ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា ១រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារឥណ្តូឆៃណា RHB ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតនៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿង ដោយពាក់ម៉ាស់បិទមុខជិត បានចុះទៅភ្ជង់សន្តិសុខ និងចូលទៅគំរាមបុគ្គលិកធនាគារ និងប្រមូលយកលុយតែម្តង។
កម្លាំងនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាពប្លន់លុយប្រមាណ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយគេចខ្លួនទៅដោយសុវត្ថិភាព៕
សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលផ្តល់ជូនដោយសមត្ថកិច្ច៖