(សេអ៊ូល)៖ សាលាឧទ្ធរណ៍មួយនៅកូរ៉េខាងត្បូង នាថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឲ្យជាប់ពន្ធនាគាររយពេល២៥ឆ្នាំ ពោលគឺមួយឆ្នាំលើសពីការសម្រេចរបស់តុលាការជាន់ទាប កាលពីខែមេសាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសំណុំរឿងពុករលួយ ដែលបានធ្វើឲ្យលោកស្រី ត្រូវគេទម្លាក់ចេញអំណាចកាលពីឆ្នាំ២០១៧នោះ តុលាការជាន់ខ្ពស់ខាងលើបានរកឃើញថា លោកស្រី ផាក ពិតជាមានទោសពីបទចោទប្រកាន់មួយចំនួន ក្នុងនោះរួមមានទាំងការស៊ីសំណូកសូកប៉ាន់ ហើយការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការជាន់ទាប កាលពីខែមេសាកន្លងទៅ បានផ្តន្ទាទោសដាក់ពន្ធនាគារលោកស្រី ផាក សម្រាប់រយៈពេល២៤ឆ្នាំ ហើយពិន័យជាប្រាក់១៦លានដុល្លារ ដោយសារលោកស្រី បានផ្សំគំនិតជាមួយមិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល ដើម្បីប្រមូលយកលុយរាប់ពាន់លានវ៉ុន មកជួយក្រុមគ្រួសាររបស់លោកស្រី ឆយ និងបញ្ចូលទៅចូលទៅក្នុងមូលនិធិមិនរកប្រាក់កំរៃរបស់លោកស្រី។
គួរជម្រាបថា នាពេលនោះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានជំទាស់នឹងការសម្រេចតុលាការជាន់ទាប ហើយស្នើឲ្យមានការដាក់ទោសឲ្យធ្ងន់ជាងនេះ៕