(ភ្នំពេញ)៖ ប្រតិបត្តិការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនគរបាលជាតិ កំពុងរួមសហការគ្នាបើកការស្រាវជ្រាវយ៉ាងក្ដៅគគុក តាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានគ្នាពី៤ ទៅ៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លីស្ទើរគ្រប់ដៃ ចូលទៅប្លន់លុយនៅធនាគារ «RHB ឥណ្ឌូឆៃណា» ទាំងកណ្ដាលថ្ងៃនៅខណ្ឌចំការមន រាជធានីភ្នំពេញ បើទោះបីមុខសញ្ញាក្រុមចោរប្លន់ទាំងនេះ មិនទាន់ក្ដាប់បាន អត្តសញ្ញាណ និងតម្រុយក៏ដោយនោះ រហូតមកដល់រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ។
រហូតមកដល់រសៀលថ្ងៃដដែល សមត្ថកិច្ចបានរាយការណ៍ថា ធនាគារដែលរងគ្រោះដោយអំពើប្លន់ កាលពីម្សិលមិញនេះ នៅបន្ដបិទទ្វារនៅឡើយ ពុំទាន់បើកដំណើរការ បម្រើសេវាជូនអតិថិជននោះទេ។
បើទោះបីចំនួនទឹកប្រាក់ដែលក្រុមប្រមូលយកទៅបាត់ ពុំទាន់មានការបញ្ជាក់ផ្លូវការពីខាងធនាគារ និងសមត្ថកិច្ចក៏ដោយនោះ តែសេចក្ដីរាយការណ៍មួយចំនូន នៅកន្លែងហេតុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា ខ្ទង់ជា១០ម៉ឺនដុល្លារ។
មន្ដ្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការយ៉ាងស្វិតស្វាញជាមួយនគរបាលទាំង១២ខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដើម្បីបើកការស៊ើបអង្កេតគ្រប់ច្រកល្ហក់តាមចាប់ក្រុមចោរប្រដាប់អាវុធទាំងនេះ ដែលបានរៀបចំផែនការយ៉ាងស្អាត ហើយធ្វើសកម្មភាពបានសម្រេច បើទោះបីពុំបានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ ជាពិសេសសន្ដិសុខ និងបុគ្គលិកដែលបម្រើការងារ នៅក្នុងធនាគាររបស់ចិនមួយនេះ។
មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានសន្និដ្ឋានថា ក្រុមចោរប្រដាប់អាវុធមានគ្នាពី៤ ទៅ៥នាក់ ជិះម៉ូតូធ្វើសកម្មភាព ដោយមានកាំភ្លើងស្ទើរគ្រប់ដៃ អាចមានបក្ខពួកនៅឃ្លាំមើល គឺជាក្រុមដែលជំនាញ និងមានការរៀបចំពីមេកើយយ៉ាងច្បាស់លាស់ទៀតផង។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ចនឹងបន្ដខិតខំខ្លាំងឡើង ដើម្បីតាមបង្ក្រាបក្រុមចោរទាំងនេះឲ្យខាងតែបាន។
យោងតាមចម្លើយសារភាពរបស់លោក ឃុន ឃិន អាយុ៥៤ឆ្នាំ ជាសន្ដិសុខរបស់ក្រុមហ៊ុន MPA នៅយាមធនាគារ និងត្រូវចោរភ្ជង់អូសចូលខាងក្នុងធនាគារ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១៖៤០នាទី ពេលដែលលោកកំពុងឈរយាមដូចរាល់ដងនោះ ស្រាប់តែឃើញក្រុមចោរចំនួន៥នាក់ ស្លៀកពាក់ស៊ីវិល ដោយពាក់មួកសុវត្ថិភាពទាំងអស់គ្នា និងពាក់កាក់ខាងក្រៅ ដើរសម្ដៅចូលធនាគារ ពេលនោះលោកបានស្រែកឲ្យឈប់ ដើម្បីឲ្យដោះមួកចេញ ប៉ុន្ដែគ្នាវាម្នាក់បានមកភ្ជង់លោក ហើយទាញដៃចូលទៅក្នុងធនាគារឲ្យអង្គុយចុះ រួចក៏ធ្វើសកម្មភាពប្រមូលយកប្រាក់ មុននឹងគេចខ្លួនតែម្ដង។
បើតាមសន្ដិសុខរូបនេះ ក្រុមចោរខាងលើ គឺជាជនជាតិខ្មែរ ក៏ព្រោះតែពួកគេស្រែកគំរាមជាភាសាខ្មែរ មិនមែនជនជាតិចិន ដូចដែលមជ្ឈដ្ឋានមួយចំនួនមានការសង្ស័យនោះទេ។
ដោយឡែកអ្នកស្រី ពត ចាន់ធួន អាយុ៣៧ឆ្នាំ ដែលជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងធនាគារក៏បានរៀបរាប់ប្រាប់សមត្ថកិច្ចផងដែរថា នៅវេលាម៉ោងប្រមាណ១១៖៣០នាទី អ្នកស្រីកំពុងហូបបាយនៅបន្ទប់ទឹក ដោយមានគ្នា៣នាក់ ពេលនោះក៏ក្រុមចោរចូលទៅប្លន់ ដោយប្រមូលលុយពីក្នុងកិកដាក់ចូលកាបូប មុនបន្ដគេចខ្លួនតែម្ដង។
ជាមួយគ្នានេះ កាលពីព្រឹកមិញ លោក ឃួង ស្រេង ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនគរបាល អាវុធហត្ថ និងអភិបាលខណ្ឌទាំង១២ ដើម្បីរៀបចំផែនការបន្ដទៀត ទប់ស្កាត់ និងអំពើប្លន់ ក៏ដូចជារក្សាសន្ដិសុខជូនប្រជាពលរដ្ឋឡើងវិញ ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធទាំងកណ្ដាលថ្ងៃត្រង់ កាលពីម្សិលមិញនេះ ក្រុមចោរបានធ្វើសកម្មភាពប្រហែលជាង១០នាទី ដើម្បីប្រមូលប្រាក់មុនពេលបើកម៉ូតូគេចខ្លួន ដោយមានជនរងគ្រោះជាសន្ដិសុខម្នាក់ អតិថិជនរបស់ធនាគារម្នាក់ និងបុគ្គលិក ព្រមទាំងប្រធានសាខាធនាគារពី៤ ទៅ៥នាក់ទៀត៕