(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ បានបង្ហាញសារនយោបាយដ៏រីករាយមួយសម្រាប់សង្គមកម្ពុជា ដោយប្រកាសធ្វើយុទ្ធនាការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅក្នុងពេលបុណ្យភ្ជុំនាពេលខាងមុខដ៏ខ្លីនេះ។ ក្នុងចំណោមអ្នកទោសនោះក៏មានសកម្មជន និងសមាជិកអតីតគណបក្សសង្គ្រោះជាតិផងដែរ។

សារនយោបាយបើកចិត្តសន្តោសប្រណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអំណរសាទរសម្រាប់អ្នកកំពុងជាប់ទោស ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរ។ ផ្ទុយពីអ្នកកំពុងជាប់ទោសក៏ដូចជាក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយក្តីសុខ និងយ៉ាងសប្បាយរីករាយនៅឯប្រទេសបារាំងនោះហាក់ដូចជា មិនចង់ឲ្យសកម្មជនទាំងនោះបានរួចខ្លួននោះឡើយ។

ក្នុងសារនយោបាយនៅថ្ងៃម្សិលមិញនេះ ដ្បិតសម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញការសន្តោសប្រណីលើកលែងទោសដល់អ្នកកំពុងជាប់ឃុំ តែសម្តេចនាយករដ្ឋមន្ត្រី បានប្រកាសព្រមានមិនឲ្យមានការលើកឡើង ឬអត្ថាធិប្បាយថា ការដោះលែងនេះជាថ្នូរនឹងសម្ពាធរបស់បរទេសនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាលដែលផ្តល់តម្លៃខ្ពស់ ចំពោះការចរចាដោះស្រាយទំនាស់នយោបាយរវាងខ្មែរ និងខ្មែរជាធំជាងការនិយមបរទេសរូប បានគូសបញ្ជាក់ថា សម្តេចស្អប់បំផុតចំពោះការលើកឡើងថា សម្តេចលើកលែងទោសព្រោះតែសម្ពាធបរទេស។

តាមរយៈសារបញ្ជាក់ដ៏ច្បាស់លាស់មួយនេះ គួរណាស់ក្រុមអ្នកនយោបាយជាមេដឹកនាំ ក៏ដូចជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ រក្សាភាពស្ងប់ស្ងាត់បង្អន់វោហាសព្ទនយោបាយមួយចំនួនដែលនាំឲ្យល្អក់កករដល់ទឹកចិត្តសន្តោសរបស់សម្តេចតេជោ ហ៊ុន សែន។ តែទណ្ឌិត សម រង្ស៊ី មិនត្រឹមតែមិនព្យាយាមថ្នាក់ថ្នមភាពត្រជាក់ នៃស្ថានភាពនយោបាយនៅកម្ពុជានោះឡើយ បែរជាប្រឹងយកសាំង និងភ្លើងមកដុតបញ្ឆេះភ្លើងនយោបាយទៅវិញ តាមរយៈពាក្យសម្តីជាការផ្គើនទៅប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ។

នៅលើទំព័រ Facebook របស់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសដោះលែងអ្នកទោសនៅក្នុងរដូវបុណ្យភ្ជុំ ពោលគឺនៅយប់ថ្ងៃទី២៣ ខែសីហា ទណ្ឌិត សម រង្ស៊ី ដែលត្រូវគេប្រសិទ្ធនាមជាអ្នកនយោបាយមាន់សម្លនោះ បែរជាលើកឡើងថា ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះតែការទ័លច្រក និងដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ពីរដ្ឋាភិបាល ហើយត្រៀមដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗ មកលើរាជរដ្ឋាភិបាលកម្ពុជា ទើបសម្តេចតេជោ ហ៊ុន សែន បង្ខំចិត្តដោះលែងអ្នកទោសនយោបាយទាំងអស់នេះ។

ការលើកឡើងរបស់ទណ្ឌិតចូលចិត្តរត់ចោលស្រុក មាត់អត់គម្របរូបនេះ ត្រូវបានគេវាយតម្លៃជាចេតនាទុច្ចរិតមួយមិនចង់ឲ្យអ្នកជាប់ទោសជាសមាជិក សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដូចជាលោក មៀច សុវណ្ណារ៉ា និងលោក អ៊ុ សំអាន ជាដើមនោះ បានរួចពីពន្ទនាគារនោះឡើយ។ ទន្ទឹមនឹងមានការវាយតម្លៃបែបនេះហើយ នៅមានមនុស្សជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេស ដែលមានសមានចិត្តបានសម្តែងការខឹងសម្បាផងដែរ។

លោក សុខ សុគន្ធ ដែលជាអ្នកវិភាគបញ្ហារបស់សង្គមកម្ពុជារស់នៅសហរដ្ឋអាមេរិក ដែលកំពុងល្បីឈ្មោះលើបណ្តាញសង្គម Facebook បានចាត់ទុកទណ្ឌិត សម រង្ស៊ី ជាមនុស្សមានចរិតខ្មៅក្រខ្វក់ ជាមនុស្សប្រជាធិបតេយ្យក្លែងក្លាយ មាត់ពូកែនិយាយចាក់រុក តែដល់ពេលធ្វើអ្វីមួយគឺច្រើនតែបំផ្លាញប្រយោជន៍ជាតិរួម។

លោក សុគន្ធ បានលើកឡើងថា «សូមលោកអ្នកពិចារណាចុះ ពេលណាសភាពផ្លូវចិត្តអ្នកនយោបាយប្រុងនឹងរកដំណោះស្រាយបានមួយជំហានៗ ពេលនោះមានព្រាយបីសាចចេញសម្ដីមកបង្កទំនាស់ឲ្យខកខាន ឲ្យខូចខាត ឲ្យក្រពុលមុខភ្លាម។ សម្ដីព្រាយបីសាចរបស់លោក សមរង្ស៊ី ខាងក្រោមនេះ កាលណាអានទៅស្ដាប់ទៅដូចជា ត្រឹមត្រូវសម្បើមណាស់ តែបង្កប់នូវដួងចិត្តសែនខ្មៅក្រខ្វក់»

អ្នកវិភាគបញ្ហាសង្គមកំពុងមានប្រជាប្រិយភាពរូបនេះបន្ថែមថា «សូមបងប្អូនពិចារណាចុះមនុស្ស សមរង្ស៊ី នេះមហាចង្រៃណាស់។ សូមបងប្អូនជនរួមជាតិកត់សម្គាល់សម្ដី និងចរិតលក្ខណៈនយោបាយព្រាយបីសាចចិត្តទេវទត្តមាត់ទេវតានេះឲ្យច្បាស់»

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានផ្តល់ជាទស្សនទានដល់លោក កឹម សុខា លោក អ៊ុ សំអាន លោក មៀច សុវណ្ណារ៉ា រួមនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងក្រុមគ្រួសារ គួរណាស់ធ្វើលិខិតថ្កោលទោសទណ្ឌិត សម រង្ស៊ី ចំពោះទង្វើគឃ្លើន និងបង្អាក់ការមានសេរីភាពឡើងវិញរបស់អ្នកទាំងអស់គ្នា។

ក្រុមអ្នកមានសមានចិត្តជាមួយលោក កឹម សុខា លោក អ៊ុ សំអាន និងលោក មៀច សុវណ្ណារ៉ា ជាដើម ក៏បានលើកឡើងដោយទទូចផងដែរ ទៅទណ្ឌិត សម រង្ស៊ី ថា បើមិនបានធ្វើអ្វី ជួយដល់អ្នកកំពុងជាប់ឃុំទេនោះ គួរណាស់ទណ្ឌិតរូបនេះរក្សាភាពស្ងាត់ស្ងៀម ដើម្បីឲ្យអ្នកជាប់ឃុំមានសេរីភាពឡើងវិញបានជួបជុំក្រុមគ្រួសារ ដែលត្រូវនៅបែកគ្នាជាច្រើនឆ្នាំ មកហើយនោះ ដែលវាផ្ទុយពីទណ្ឌិត សម រង្ស៊ី កំពុងរស់នៅជួបជុំក្រុមគ្រួសារ ដើរហើរបានគ្រប់ទិសយ៉ាងរីករាយនៅឯក្រៅប្រទេស៕