(ភ្នំពេញ)៖ ស្របពេលកីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាដ៏ច្រើន ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ រួមទាំងគ្រូបង្វឹក ដែលជំរុញឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំ ជាមួយនឹងប្រាក់រង្វាន់ ៣៤៤លានរៀល ឬប្រមាណ ៨៦,០០០ដុល្លារ ។
សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តអត្តពលិកដណ្ដើមបានមេដាយ Asian Games គឺបានកំណត់ក្នុងអនុក្រឹត្យ ដោយមេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ៤០លានរៀល និងមេដាយសំរឹទ្ធ ២៤លានរៀល ។ ឯគ្រូបង្វឹកទទួលបាន ១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កូនសិស្ស និងគ្រូជំនួយទទួលបាន ៧០% នៃមេដាយកូនសិស្សខ្លួនដណ្ដើមបាន ។ តែអ្វីដែលពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់គោលការណ៍មួយ ដើម្បីលើកចិត្តបន្ថែម ដោយអ្នកឈ្នះមេដាយមាសទទួលបាន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារ ។
សរុបប្រាក់រង្វាន់បណ្ដោះអាសន្នសម្រាប់មេដាយមាស ២ និងសំរឹទ្ធ ១ ដោយបូកទាំងប្រាក់រង្វាន់រាជរដ្ឋាភិបាល និងថវិកាផ្ទាល់របស់សម្ដេច គឺចំនួន ៤៣៦លានរៀល(ប្រមាណ ១០៩,០០០ដុល្លារ) ក្នុងនោះកីឡាករ សាលី អ៊ូមើត ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល ១០៤លានរៀល និងថវិកាផ្ទាល់សម្ដេច ៥២លានរៀលសរុប ១៥៦លានរៀលក្នុងនាមម្ចាស់មេដាយមាស ១ និងសំរឹទ្ធ ១ ខណៈគ្រូបង្វឹកលោក Talakouras Chris ទទួលបាន ៨០លានរៀល ។ ឯកីឡាការិនី ខាន់ ចេសា ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល ៨០លានរៀល និងថិវកាផ្ទាល់សម្ដេច ៤០លានរៀលសរុប ១២០លានរៀល ស្របពេលគ្រូបង្វឹកលោក Paas Jasper Martijn ទទួលបាន ៨០លានរៀល ។
យ៉ាងណាមិញបេសកកម្មរបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះ មិនទាន់បញ្ចប់នោះទេ ។ ប៉ុន្ដែដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលខំប្រឹងដណ្ដើមមេដាយជូនជាតិ ក៏ដូចជាត្រៀមប្រកួតប្រជែងស្វែងរកមេដាយបន្ថែម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងនាមនាយបេសកកម្ម បានអំពាវនាវដល់វិស័យឯកជន និងសប្បុរសជននានា ចូលរួមឧតប្ថម្ភគាំទ្រ ដើម្បីជំរុញលើកទឹកចិត្តកីឡាករ-កីឡាការិនីឲ្យកាន់តែខ្លាំងក្លា និងក្លាយជាគំរូដល់កីឡាករ-កីឡាការិនីថ្មីៗ ឲ្យមានការខិតខំប្រឹងប្រែង និងជាកម្លាំងចិត្តក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ និងកិត្តិយសជូនជាតិកាន់តែច្រើនបន្ថែមទៀត ។
គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តខាងលើ គឺគិតត្រឹមមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ដែលកីឡាករម៉ូតូទឹក សាលី អ៊ូមើត និងកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ដណ្ដើមបានប៉ុណ្ណោះ ។ ប៉ុន្ដែកម្ពុជា នៅមានក្ដីរំពឹងឈ្នះមេដាយបន្ដទៀត ពិសេសគឺក្រុមកីឡាសូហ្វតេន្នីសកម្ពុជា ដែលទើបចាកចេញពីមាតុភូមិកាលពីព្រឹកមិញ ហើយពួកគេក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែង ដើម្បីដណ្ដើមមេដាយ និងបង្កើតចំណាត់ថ្នាក់កម្ពុជាកាន់តែល្អប្រសើរ នៅក្នុងតារាងមេដាយផងដែរ ស្របពេលបណ្ដោះអាសន្នកម្ពុជា កំពុងឈរលេខរៀងទី១៧ ក្នុងចំណោម ៤៥ប្រទេស និងឈរលេខ ៤ ក្នុងចំណោមប្រទេសអាស៊ានទៀតផង ៕