(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា ចំពោះគំនិតផ្ដួចផ្ដើមដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់ ដែលជាទីកន្លែងបណ្ដុំនូវធនធានមនុស្ស និងខួរក្បាលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្ដិទី៦នេះ ដោយបានប្រមូលផ្ដុំគណបក្សនីមួយៗ បន្ទប់ពីបានចូលរួមប្រកួតប្រជែងបោះឆ្នោតចប់នេះ។ បើនិយាយពីក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យគឺពិតជាមានតម្លៃណាស់ ពីព្រោះដើម្បីកុំឲ្យមានការបែកបាក់ជាតិក្រោយពីការបោះឆ្នោតរួច។
មានន័យថាក្នុងរបបប្រជាធិបតេយ្យ នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតម្ដងៗគណបក្សនីមួយៗ តែងដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្ដផ្សេងៗ ដោយរិះគន់វាយប្រហារពីនេះពីនោះលើគ្នាទៅវិញទៅមក ដើម្បីដណ្ដើមសម្លេងគំាទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពិសេសគណបក្សនយោបាយខ្លះបានបំពារបំពាន លើគោលការណ៍ប្រជាធិបតេយ្យដ៏ហួសហេតុទៀតផង។ បើហេតុនេះដោយសារតែករណីនេះហើយ ទើបនៅក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យប្រជាពលរដ្ឋតែងប្រកាន់នូវឆន្ទៈ និងនិន្នាការនយោបាយផ្សេងៗគ្នារៀងៗខ្លួនយ៉ាងប្ដូរផ្ដាច់ផងដែរ។ ដោយស្ថិតត្រង់ចំណុចនេះហើយដែលហៅថា «ការបែកបាក់ជាតិ» នោះ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើឈរលើមូលដ្ឋាននេះ ប្រហែលជារាជរដ្ឋាភិបាលបានមើលឃើញពីបញ្ហានេះហើយ ទើបសម្រេចបង្កើតឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់នោះ។ ពីព្រោះក្នុងគោលបំណង៖
ទីមួយ៖ ដើម្បីប្រាប់ថា ក្នុងរបបប្រជាធិបតេយ្យអ្នកនយោបាយគេឈ្លោះគ្នា ឬខ្វែងគំនិតគ្នា តែងក្នុងយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ។ បានន័យថា អ្នកនយោបាយគេពុំមែនឈ្លោះគ្នា ឬយកគ្នាជាសត្រូវស្លាប់-រស់ រហូតនោះទេ។
ទីពីរ៖ ដើម្បីប្រាប់សកម្មជនបក្សនីមួយៗថា អ្នកនយោបាយក្រោយការបោះឆ្នោតចប់ គឺថ្នាក់ដឹកនំាអាចរាប់អាន ឬអង្គុយធ្វើការជាមួយគ្នា ក្នុងវង្សត្រកូលជាមហាគ្រួសារខ្មែរតែមួយ។ បានន័យថា ជាការប្រាប់ទៅសកម្មជនបក្សនយោបាយនីមួយៗ កុំឲ្យប្រកាន់ទស្សននយោបាយ ឬនិន្នាការបក្សនីមួយៗតទៅទៀត។
ទីបី៖ ដើម្បីប្រាប់ទៅពិភពលោកថា ខ្មែរនៅពេលឃោសនាបោះឆ្នោតដែលបានរិះគន់ ឬឈ្លោះគ្នាដែលផ្អើលពេញពិភពលោកនោះ។ ឥទ្បូវក្រោយការបោះឆ្នោតចប់ ខ្មែរនិងខ្មែរ ចេះផ្សះផ្សាគ្នាអង្គុយធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍ និងកសាងប្រទេសជាមហាគ្រួសារខ្មែរតែមួយ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើឈរលើទស្សនវិជ្ជានយោបាយ សម្ដេចតេជោ ត្រង់ចំណុចនេះ ចំពោះការបង្កើតឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់ក្នុងរបបប្រជាធិបតេយ្យនេះ គឺពិតជាផ្ដល់ផលប្រយោជន៍ជាតិដ៏ធំធេងណាស់ ។ ពីព្រោះនេះជាទស្សនវិជ្ជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការឯកភាពជាតិដ៏រឹងមំាបំផុតក្នុងរបបប្រជាធិបតេយ្យនេះឯង។ បើដូច្នេះសម្រាប់កម្ពុជាចាប់ពីអាណត្ដិនេះតទៅ ក្រោយពីការបោះឆ្នោតចប់ប្រហែលជាលែងមានការបែកបាក់ជាតិ ដូចយើងឃើញកាលពីអាណត្ដិមុនៗកន្លងមកទៀតហើយ៕