(ភ្នំពេញ)៖ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបន្តបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយដកហូតបានផលិតផលក្លែងក្លាយ ៤តោនកន្លះ។
មន្ត្រីនគរបាលសេដ្ឋកិច្ចបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៨ ខែសីហានេះឱ្យដឹងថា ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយក្នុងកន្លែងតែមួយផងដែរ។
មន្ត្រីដដែលបានបន្តថា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការមួយនេះបានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ។
កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។
ក្រោយពីត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានដកហូត និងរក្សាទុកនូវភស្តុតាងដែលរកឃើញ ព្រមទាំងរៀបចំបិទទីតាំងខុសច្បាប់ខាងលើតែម្ដង ចំណែកឯជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ៕
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិត កែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយគ្រឿងសម្អាងខុសច្បាប់មួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ប៊ីចេងក្លែងក្លាយនៅខណ្ឌឫស្សីកែវដូចគ្នា ដែលដកហូតបានប៊ីចេងក្លែងក្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់៕