(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបេឡារុសលោក សឺហ្គៃ រូម៉ាស់ (Sergey Rumas) បានចូលរួមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តឆ្នាំ២០១៨។ នេះបើតាមលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងលិខិតនោះលោក សឺហ្គៃ បានបន្ថែមថា «សាធារណរដ្ឋបេឡារុស ពិតជាអារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបេឡារុស-កម្ពុជា ឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសនោះគឺក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌របស់ប្រទេសកម្ពុជា»។
គួរជម្រាបថា នៅលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ គ.ជ.ប បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ៤,៨៨៩,១១៣ ក្នុងចំណោមសន្លឹកឆ្នោតផ្លូវការចំនួន៦,៣៦២,២៤១សន្លឹក ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាជាតិ៕