(ភ្នំពេញ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង នូវការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និង ផ្លូវសូត្រលើសមុទ្រនៅសតវត្សរ៍ទី២១» ជាបន្តបន្ទាប់។ ពេលថ្មីៗនេះ នៅឯសន្និសីទរំលឹកខួបទី៥ នៃការជំរុញការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយដែលបានប្រារព្ធឡើងនៅក្រុងប៉េកាំង លោក ស៊ី ជីនភីង បានថែ្លងថា ការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយគឺសមស្របនឹងតម្រូវការចាំបាច់នៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយបានផ្តល់នូវគំនិតថ្មី និងដំណោះស្រាយថ្មីសម្រាប់ការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល។
ការសន្និដ្ឋាននេះបញ្ជាក់យ៉ាងច្បាស់លាស់អំពីសារៈសំខាន់ពិតប្រាកដ និងប្រវតិ្តសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយដែលមិនត្រឹមតែជំរុញកិច្ចសហប្រតិបត្តិការ ផែ្នកសេដ្ឋកិច្ចរវាងប្រទេសចិន និងពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងជំរុញការផ្លាស់ប្តូរប្រព័ន្ធអភិបាលកិច្ចសកល និងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ។ បច្ចុប្បន្ននេះ មានប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១០០គាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។
ទំហំទឹកប្រាក់ផែ្នកសរុបពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយលើសពី៥ទ្រីលានដុល្លារអាមេរិក ហើយការវិនិយោគផ្ទាល់ នៅបរទេសលើសពី៦ម៉ឺនលានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារ ចំនួនជាង២សែន សម្រាប់ប្រជាជននៅក្នុងតំបន់។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ត្រូវបានសរសេរចូលទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសម្រេចបានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិថែមទៀត។
លោក Maritin Jacques សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេសបានប្រាប់ថា ប្រទេសចិនបានទាក់ទាញប្រទេសជាច្រើនលើពិភពលោក ដោយសារពួកគេបានមើលឃើញប្រទេសចិនផ្តល់នូវ «កាលានុវត្តភាពបែបថ្មី»។ «កាលានុវត្តភាពថ្មី» នេះគឺថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ផ្តល់នូវគំនិតមួយស្តីពី «ការរួមគ្នាពិភាក្សា រួមគ្នាកសាង និងរួមគ្នាចែករំលែក» សម្រាប់កំណែទម្រង់អភិបាលកិច្ចសកល។ បច្ចុប្បន្ននេះជម្លោះពាណិជ្ជកម្មនិងរបាំងពន្ធគយពិភពលោកកំពុងធ្វើឲ្យមាន ភាពតានតឹងឡើង សកលភាវូបនីយកម្មសេដ្ឋកិច្ចនិងយន្តការពហុភាគីកំពុងប្រឈមនឹងភាពផ្ទុយគ្នា ហើយគំនិតអភិបាលកិច្ចប្រពៃណីនិងការអនុវត្តជាក់ស្តែងមិនអាចបំពេញតម្រូវការ នៃការផ្លាស់ប្តូរនៅក្នុងសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានទេ។
តើធ្វើដូចម្ត៉េចដើម្បីដោះស្រាយបញ្ហានេះ? យើងទាំងអស់គ្នាអាចស្វែងរកចម្លើយពីគំនិត «រួមគ្នាពិភាក្សា រួមគ្នាកសាង និងរួមគ្នាចែករំលែក»។
ការរួមគ្នាពិភាក្សាពោលគឺថា អ្វីគ្រប់យ៉ាងត្រូវបានពិភាក្សាដោយមនុស្សគ្រប់រូបដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវ «សមភាព» ជាខ្លឹមសារសំខាន់នៃអភិបាលកិច្ចសកលទំនើប។ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ដោយសង្កត់ធ្ងន់លើគោលការណ៍ពិភាក្សាជាមួយគ្នា ដើម្បីបង្កើតស្ថាប័នដូចជាធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមូលនិធិ ផ្លូវសូត្រជាដើម គឺក្នុងបំណងឈរលើមូលដ្ឋាន នៃការគោរពយ៉ាងពេញលេញតាមតម្រូវការ និងសេចក្តីប្រាថ្នាអភិវឌ្ឍនៃបណ្តាប្រទេស តាមបណ្តោយបន្ទាត់ ស្វែងរកផលប្រយោជន៍នៃការអភិវឌ្ឍដ៏ធំបំផុត ដើម្បីជំរុញឲ្យគ្រប់ប្រទេសទាំងអស់មានសិទ្ធិបញ្ចេញសំឡេង និងទទួលបានការគាំទ្រខាងការអភិវឌ្ឍស្មើគ្នា។
ការរួមគ្នាកសាង នេះបានបង្ហាញឲ្យឃើញយ៉ាងពេញលេញនូវ «ការបើកទូលាយ» ដែលជាខ្លឹមសារសំខាន់នៃការអភិបាលកិច្ចសកលទំនើប។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ថ្វីត្បិតតែក្នុងដំណើរការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ត្រូវបានគេរិះគន់ជាច្រើនពីប្រទេសប៉ែកខាងលិចក្តី តែការពិតជាក់ស្តែងបានបញ្ជាក់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» មិនមែនជាក្លិបសមាជិកមួយទេ ប៉ុន្តែគឺជាក្រុមមិត្តភក្តិមួយដែលមានការចូលរួមយ៉ាងទូលំទូលាយ។ ដូចលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» គឺជាការផ្តួចផ្តើមកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច មិនមែនដើម្បីបង្កើត សម្ព័ន្ធភាពភូមិសាស្ត្រនយោបាយ ឬក៏សម្ព័ន្ធមិត្តយោធានោះទេ។ ដរាបណាប្រទេសណាមួយមានឆន្ទៈចង់ចូលរួម ប្រទេសចិនសុទ្ធតែស្វាគមន៍។
ការរួមគ្នាចែករំលែក គឺភាគីពាក់ព័ន្ធនានាត្រូវតែចែករំលែកលទ្ធផលនៃការអភិវឌ្ឍ នេះបានបង្ហាញយ៉ាងពេញលេញនូវ”ការផ្តល់ផលប្រយោជន៍ដល់គ្នា «ដែលជាខ្លឹមសារសំខាន់នៃ ការអភិបាលកិច្ចសកលទំនើប។ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនធ្លាប់បញ្ជាក់ម្តងហើយម្តងទៀតថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់មួយនិងផ្លូវមួយ» គឺមានប្រភពពីប្រទេសចិន ប៉ុន្តែកាលានុវត្តភាពនិងលទ្ធផលនានាសុទ្ធតែជារបស់ពិភពលោក ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃ ប្រទេសតាមបណ្តោយខ្សែក្នុងកម្រិតធំបំផុត។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ការកសាងខ្សែក្រវាត់មួយ និងផ្លូវមួយមិនគ្រាន់តែបានជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ថែមទាំងបានធ្វើការស្វែងរក ដ៏មានប្រយោជន៍សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធអភិបាលកិច្ចសកលផងដែរ។ តើធ្វើដូចម្តេចដើម្បីដើរទៅដំណាក់កាលបន្ទាប់? លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានចង្អុលបង្ហាញថា វាចាំបាច់ក្នុងការជំរុញការផ្លាស់ប្តូរខ្សែក្រវាត់មួយ និងផ្លូវមួយទៅកាន់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងបង្កើតបាននូវលទ្ធផលដែលអាចមើលឃើញកាន់តែច្រើន។ ដរាបណា ភាគីមានពាក់ព័ន្ធនានាគោរពតាមគោលការណ៍ «រួមគ្នាពិភាក្សា រួមគ្នាកសាងនិងរួមគ្នាចែករំលែក» ខ្សែក្រវាត់មួយ និងផ្លូវមួយប្រាកដជានឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀត ដល់ប្រជាជននៃបណ្តាប្រទេសទាំងអស់ និងពិភពលោក ព្រមទាំងដាក់បញ្ចូលកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់កែលម្អប្រព័ន្ធអភិបាលកិច្ចសកល។ ចំពោះគំនិតប្លែកៗគ្រប់បែបយ៉ាងដែលប្រទេសប៉ែកខាងលិចបានបង្កើតក៏អាចត្រូវសាបសូន្យទៅវិញ៕