(ចិន)៖ ប្រទេសចិនកំពុងបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃកាន់តែច្រើនឡើងៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ។
ដោយវិស័យសុខាភិបាលរបស់ចិន កំពុងឆ្លងកាត់បដិវត្តបច្ចេកវិទ្យានាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនសព្វថ្ងៃបានចាប់ផ្តើមបង្កើតមនុស្សយន្ត សម្រាប់ពិនិត្យសុខភាពជនចាស់ជរាទៅហើយ។ មនុស្សយន្តស៊េរីចុងក្រោយបំផុតមួយចំនួន មានគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកម្មវិធីពិព័រណ៍សុខភាពមនុស្សចាស់គ័ងចូវ រយៈពេល៣ថ្ងៃ កាលពីសប្តាហ៍មុន។
ដោយមានបំពាក់ទៅដោយប្រព័ន្ធសម្គាល់មុខទំនើបចុងក្រោយបង្អស់ មនុស្សយន្តមួយមានសមត្ថភាពអាចពិនិត្យរាងកាយមនុស្ស ហើយផ្តល់វេជ្ជបញ្ជាទៅតាមសេចក្តីត្រូវការរបស់ អ្នកប្រើប្រាស់ទៀតផង។
អ្នកនាង ចូវ សៀវហុង បុគ្គលិក មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មថ្នាំបុរាណចិន នៅក្រុងគ័ងចូវ និយាយថា «មនុស្សយន្តនេះ អាចសម្គាល់ទ្រង់ទ្រាយមុខមនុស្ស និងពិនិត្យមើលកំណកផ្សេងៗនៅលើអណ្តាត ដើម្បីពិនិត្យសុខភាពអ្នកជំងឺតាមបែបបុរាណរបស់ចិន។ វាក៏អាចធ្វើតេស្តស្ទង់មើលស្ថានភាពផ្លូវចិត្តរបស់អ្នកជំងឺដែរ។ ដោយក្បួនពិនិត្យសុខភាពបែបបុរាណរបស់ចិន ឱ្យតម្លៃខ្ពស់ទៅលើស្ថិរភាពផ្នែកសុខភាពផ្លូវចិត្ត មនុស្សយន្តនេះនឹងផ្តល់វេជ្ជបញ្ជាតាមការចាំបាច់ បើសិនជាវារកឃើញថា អ្នកជំងឺមានអារម្មណ៍មិនល្អ»។
បច្ចេកវិទ្យាមួយទៀតដែលគេបង្ហាញនោះ គឺកម្មវិធីឆ្លាតវៃសម្រាប់ថែទាំសុខភាពមនុស្សចាស់ ដែលជនចាស់ជរាអាចធ្វើតេស្តពិនិត្យមើលសម្ពាធឈាម និងកម្រិតជាតិស្ករនៅក្នុងឈាមបានដោយខ្លួនឯង នៅឯផ្ទះតែម្តង។ កម្មវិធីនេះ នឹងបញ្ជូនទិន្នន័យដែលពិនិត្យឃើញ ទៅកាន់មន្ទីរពេទ្យមួយក្នុងសហគមន៍ ហើយស្នើសុំជំនួយបើសិនជាអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អ្នកនាង ចាង ឈុន អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព័ត៌មានវិទ្យា ថុងល័រ គ័ងចូវ និយាយថា «វាគឺជាប្រព័ន្ធគ្រប់គ្រងសុខភាពដែលគ្រប់ជ្រុងជ្រោយ និងមានឧបករណ៍បញ្ជូនទិន្នន័យទាំងនៅខាងអ្នកជំងឺ និងខាងគ្រូពេទ្យ។ បើសិនជាស្ថានភាពសុខភាពជនចាស់ជរាមានអ្វីខុសពីធម្មតា ឧបករណ៍នេះនឹងបញ្ជូនទិន្នន័យនោះភ្លាមៗតែម្តង ទៅកាន់មណ្ឌលសុខភាពរបស់យើង ដើម្បីបញ្ជូនជំនួយនិងសង្គ្រោះពួកគាត់»។
នៅសៀងហៃ រដ្ឋាភិបាលមូលដ្ឋានក៏កំពុងប្រើប្រព័ន្ធ តាមដានទឹកស្អាតនៅតាមផ្ទះរបស់ប្រជាជន ដើម្បីកត់ត្រាចំនួនទឹកដែលគេប្រើភ្លាមៗ នៅតាមអាផាតមិននីមួយៗតែម្តង។
គេបានបំពាក់ប្រព័ន្ធនេះ នៅតាមផ្ទះជនចាស់ជរា១៥នាក់ ដែលរស់នៅតែម្នាក់ឯង នៅខ័ណ្ឌជីងអាន។ គេរំពឹងថានឹងអាចបំពាក់ប្រព័ន្ធនេះ នៅតាមខ័ណ្ឌផ្សេងទៀតទៅថ្ងៃមុខ។
អ្នកបង្កើតប្រព័ន្ធនេះនិយាយថា តាមរយៈការឆែកមើលទិន្នន័យទឹកដែលបញ្ជូនមកកាន់ប្រព័ន្ធគ្រប់គ្រង តាមអនឡាញរបស់គេ គេអាចដឹងថាតើជនចាស់ជរានោះ មានសុវត្ថិភាព និងរស់នៅដូចធម្មតាតែឬទេ ពេលគាត់នៅផ្ទះ។
គេនឹងបញ្ជូនអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ជាច្រើននាក់ ដើម្បីទៅឆែកមើលថាតើការប្រើទឹករបស់ជនចាស់ជរាទាំងនោះ មានអ្វីប្រែប្រួលឬទេ។
លោក ស៊ី ឈុនហ្វឹង មន្ត្រី គណៈកម្មការសហគមន៍ ខ័ណ្ឌជីងអាន និយាយថា «គ្មានអ្នកណាអាចរស់ដោយគ្មានទឹកបានទេ។ អញ្ជឹង មិនថាយើងខំសន្សំទឹកយ៉ាងណាក៏ដោយ ក៏យើងនៅតែត្រូវការប្រើទឹក។ ដូច្នេះតាមរយៈការតាមដានមើលពីចំនួនទឹកដែលគេប្រើ យើងអាចដឹងបានថា ពួកគាត់រស់នៅតាមធម្មតាឬអត់ ពេលពួកគាត់នៅផ្ទះ»៕ (សារព័ត៌មាន CCTV របស់ចិន)