(ភ្នំពេញ)៖ ជាថ្មីម្តងទៀតមន្ត្រីជាន់ខ្ពស់របស់ចិន បានថ្លែងអះអាងថា នឹងបន្តជួយរាល់តម្រូវការរបស់កម្ពុជា ដោយសារតែកម្ពុជាជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់ចិន។ ការអះអាងបែបនេះបានធ្វើឡើងក្នុងពេលដែលលោក សុង ថាវ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក សុង ថាវ បាននាំមកនូវសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនភីង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។
លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីរបស់លោក សុង ថាវ មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានយ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាលចិន ឯកឧត្តមបានសំដែងការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀត ក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត»។
ក្រៅពីបង្ហាញការអបអរសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនរូបនេះ ថែមទាំងបានបញ្ជាក់ពីជំហររឹងមាំរបស់ចិនថា នឹងបន្តជួយគ្រប់តម្រូវការរបស់កម្ពុជាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ដោយសារតែកម្ពុជា គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។
បើតាមលោក អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមបានឲ្យដឹងថា កម្ពុជា គឺជាមិត្តចាស់ មិត្តល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ កន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ទំនាក់ទំនងនេះ នៅតែបន្តយ៉ាងរឹងមាំ ហើយដោយគ្មានការផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជា-ចិន ក៏បានកើតឡើងយ៉ាងឆាប់រហ័សផងដែរ។ លើសពីនោះមានកិច្ចសន្យា និងកិច្ចព្រមព្រៀងជាច្រើន បានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងនោះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក សុង ហើយក៏បានអរគុណចំពោះប្រធានាធិបតីចិន លោក ហ្ស៊ី ជិនភីង ដែលបានអបអរសាទរចំពោះជោគជ័យរបស់សម្តេច។ សម្តេចតេជោ ក៏បានធ្វើបទឧទ្ទេសនាមអំពីកំណែទម្រង់របស់កម្ពុជា ក៏ដូចជាដំណើរការបោះឆ្នោត ព្រមទាំងប្រវត្តិនៃលទ្ធផលការបោះឆ្នោតនៅកម្ពុជា និងនៅប្រទេសជិតខាងផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបលោក សុង ថាវ អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន ប្រជាជនចិន ដែលកន្លងមកតែងតែបានជួយកម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា។
ក្នុងជំនួបនាព្រឹកមិញនេះក្រៅពីការពិភាក្សាលើការងារទូទៅ សម្ដេចតេជោ ហ៊ុន សែន បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូនលោក សុង ថាវ ផងដែរ។ ការបំពាក់គ្រឿងឥស្សរយសនេះ គឺដើម្បីលើកទឹកចិត្ត ជូនលោកសុង ដែលជាមន្ត្រីជាន់ខ្ពស់របស់ចិនមួយរូប តែងបានរួមចំណែកក្នុងការធ្វើឲ្យទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន។
ការបំពាក់មេដាយនេះ មិនមែនផ្តល់ជូន លោក សុង តែម្នាក់នោះទេ កន្លងមកក៏ធ្លាប់បានផ្ដល់ជូនឥស្សរជនល្បីៗជាច្រើន ដែលជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះ៕