(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមបន្ថែមទៀត។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បានធ្វើឡើងក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជាធិបតីក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាមួយនឹងការបង្ហាញវត្តមានតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប។ ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
ព្រះមហាក្សត្រ ព្រះអង្គព្រះសម្តែងនូវក្តីសោមនស្សរីករាយចំពោះការបើកសម័យប្រជុំលើកដំបូងនេះ ហើយបានសម្តែងនូវការសាទរចំពោះសមាជិករដ្ឋសភាអាណត្តិថ្មីទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ។
ព្រះអង្គបានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។
ព្រះអង្គបានមានព្រះបន្ទូលបន្តទៀតថា «ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុតិតា និងឧបេក្ខា»។
ព្រះមហាក្សត្រ បានប្រសិទ្ធពរ ឲ្យរដ្ឋសភានីតិកាលទី០៦ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួមជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
សូមជំរាបថា បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី បានលេចចេញជារូបរាងនៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះហើយ ហើយក៏ជាថ្ងៃដែលបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។
ដូចបណ្តាអាណត្តិកន្លងទៅដែរដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕