(ចិន)៖ ចាប់ពីឆ្នាំ២០១៧មក ក្រុងប៉េកាំងរបស់ប្រទេសចិន បានអនុវត្តយុទ្ធនាការពិសេសមួយ សម្រាប់កែលម្អរអគារបុរាណ ដែលនៅសេសសល់ឡើងវិញ និងដើម្បីលើកស្ទួយប្រវត្តិសាស្ត្រ ផ្នែកវប្បធម៌ដែលអគារទាំងនោះឆ្លុះបង្ហាញ។ យុទ្ធនាការនេះ ក៏កែច្នៃអគារបុរាណ ឱ្យក្លាយទៅជាបណ្ណាល័យសាធារណៈផងដែរ។
នៅប៉េកាំង មានបណ្ណាគារយ៉ាងហោចណាស់ក៏១ពាន់កន្លែងដែរ ហើយអគារវប្បធម៌សាមញ្ញៗវិញ មានដល់ទៅជាង៦ពាន់៨រយអគារឯណោះ។
វត្តជនចាស់ជរា វ៉ានសុង (Wansong) គឺជាអគារដ៏ចាស់បំផុតមួយនៅប៉េកាំង។ ប៉មបុរាណនៃវត្តនេះ ត្រូវបានសាងសង់ឡើងនៅសម័យរាជវង្ស យ័ន នាអំឡុងឆ្នាំ១២៧១ដល់១៣៦៨។ នេះគឺជាវត្តដែលសង់ពីឥដ្ឋតែមួយគត់ ដែលមានគែមដំបូលដ៏ក្រាស់នៅប៉េកាំង។
វត្តនេះ មានភស្តុតាងជាច្រើនអំពីភាពរីកចម្រើន និងការធ្លាក់ចុះនៃក្រុងប៉េកាំង រយៈពេលជាង៨០០ឆ្នាំកន្លងមកនេះ ហើយកាលពីមុន គេក៏បានប្រើវត្តនេះ ធ្វើជាផ្ទះសម្រាប់ស្នាក់នៅផងដែរ។ សព្វថ្ងៃ វត្តនេះត្រូវបានកែប្រែឱ្យទៅជាបណ្ណាគារដ៏ពិសេសមួយ ដែលប្រមូលឯកសារប្រវត្តិសាស្ត្រពីក្រុងប៉េកាំង។
លោក ឈួយ យ៉ុង បុគ្គលិកបណ្ណាគារ ចឹងយ៉ាង និយាយថា «យើងបានប្រមូលឯកសារប្រវត្តិសាស្ត្រជិត៩ម៉ឺនឯកសារ ដែលពាក់ព័ន្ធនឹងក្រុងប៉េកាំង។ ក្នុងនោះ ឯកសារដែលចាស់ជាងគេ មានឈ្មោះថា រីសៀរជាវវឹន ដែលជាចំណារដើមដែលគេសរសេរកាលពីឆ្នាំទី២៧ នៃសម័យអាណាចក្រ ខាងស៊ី នាឆ្នាំ១៦៨៨។ សៀវភៅនេះ គឺជាវចនានុក្រមដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុងប៉េកាំង។ ស្ថានភាពរបស់ក្រុងប៉េកាំង ទៅតាមជំនាន់ផ្សេងៗគ្នា ត្រូវបានគេចងក្រងទៅជាសៀវភៅមួយ ហើយបញ្ចូលវាទៅក្នុងឯកសារថ្នាក់ទាំងបួន»។
ប៉មនៅឯច្រកចូល ជាន់ (Zuoan) ដែលត្រូវបានសាងសង់ឡើងវិញ កាលពីដើមឡើយ មានតួនាទីជារនាំងការពារទីក្រុង។ តែបច្ចុប្បន្ន វាបានក្លាយជាសាខាបណ្ណាល័យសាធារណៈ នៃបណ្ណាល័យទីពីរ នៅខ័ណ្ឌ តុងឆឹង។
មិនថាអានដោយស្ងប់ស្ងៀម ឬ អានលឺៗជាក្រុមនោះទេ អ្នកអានសៀវភៅចាំបាច់ត្រូវយល់អំពីតម្លៃនៃសៀវភៅ និងតម្លៃនៃព័ត៌មានក្នុងសៀវភៅនោះ។ សាលជីវិតវប្បធម៌សហគម ឆាវយ៉ាង មានទីតាំងនៅ ន័យអ៊ូហ្វ៊ូ ហ៊ូថុង (Neiwufu Hutong)។ សាលនេះមានមុខងារជាច្រើនផ្សេងទៀត ក្រៅពីសម្រាប់អានសៀវភៅ ដូចជាមុខងារជាសាលតាំងបង្ហាញរូបថតសហគម សាលពហុសារព័ត៌មាន កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណជាដើម។
បណ្ណាល័យនេះ មានសៀវភៅជាង១សែនក្បាល ដែលភាគច្រើនសុទ្ធសឹងតែជាសៀវភៅ ដែលបុគ្គលនិងស្ថាប័នផ្សេងៗបរិច្ចាគ និងមិនមែនបរិច្ចាគដោយរដ្ឋាភិបាលនោះទេ។
ដើម្បីរក្សាអនុស្សាវរិយ៍ នៃក្រុងប៉េកាំងដ៏ចំណាស់នេះ ខ័ណ្ឌជាច្រើនទៀតដែលមានប្រវត្តិនិងវប្បធម៌ពីបុរាណ ត្រូវបានជួសជុលនិងការពារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេបានជួសជុលផ្លូវខាងក្រោយ និងផ្លូវដើររួចរាល់អស់ហើយ។ ហើយឥទ្ធិពលនៃការអាន កំពុងជួយស្រោចស្រង់និងថែរក្សាទីក្រុងដ៏ចំណាស់នេះ៕ (សារព័ត៌មាន CCTV របស់ចិន)