(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះបានចេញមុខរិះគន់ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលបាននិយាយកុហកប្រជាពលរដ្ឋថា ឆ្មាំគុកបានវាយធ្វើបាបរូបលោក (គឹម សុខ) គ្រាដែលលោកនៅជាទណ្ឌិត ជាប់ពន្ធនាគារ។ លោក សួន សេរីរដ្ឋា បានចាត់ទុកការប្រឌិតព័ត៌មានរបស់ លោក គឹម សុខ គឺធ្វើឡើងដើម្បីទាញយកប្រជាប្រិយភាពពីសាធារណជនតែប៉ុណ្ណោះ។
ការរិះគន់របស់ អ្នកនយោបាយរូបនេះ ទៅលើអ្នកវិភាគលោក គឹម សុខ បានធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ប្រាប់ទៅវិទ្យុបរទេសថា រូបលោក (គឹម សុខ) ត្រូវបានឆ្មាំពន្ធនាគារវាយធ្វើបាប ពេលនៅជាប់ឃុំក្នុងពន្ធនាគារព្រៃស។ មិនតែប៉ុណ្ណោះលោកអះអាងថា ពេលជាប់ឃុំនៅក្នុងពន្ធនាគារ គេមិនអនុញ្ញាតឲ្យរូបលោកអានសៀវភៅ កាសែត ឬ កាន់ប៊ិចសរសេរនោះទេ។
លោក សួន សេរីរដ្ឋា ដែលទើបនឹងចេញពីពន្ធនាគារកាលពីពេលថ្មីនេះៗ បានហៅការត្អូញត្អែររបស់លោក កឹម សុខ ថា ជារឿងប្រឌិតខុសពីការពិតទាំងស្រុង។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរ គួរនាំគ្នាពិចារណា និងស្វែងរកការពិតឲ្យឃើញ មុននឹងជឿអ្វីមួយ...។ បើគ្រាន់តែរឿងខ្លួនឯង ដែលជាប់ពន្ធនាគារនោះ ក៏និយាយភូតកុហកអ្នកខាងក្រៅ ដើម្បីទាញយកការអាណិត ទាញយកការស្រលាញ់ ដោយវប្បធម៌បង្កើតរឿងមិនពិតបែបនេះ សួរថាតើវិភាគសង្គមនយោបាយបែបម៉េច»?
លោកថ្លែងថា «គាត់ (លោក គឹម សុខ) ជាប់គុកបន្ទប់ជាប់ខ្ញុំរហូតតាំងពីនៅអគារ A រហូតដូរមកអគារ B ។ អគារនុរក្សមិនដែលវាយដំធ្វើបាបទេ ព្រោះយើងជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិកា។ យើងអាចទិញកាសែតមើល និងអាចទិញទូរទស្សន៍ដាក់មើលបាន តែយើងគ្មានសិទ្ធិប្រើទូរស័ព្ទ និងអ៊ីនធើណែតទេ។ តែដល់មកនិយាយខាងក្រៅថា ឆ្មាំគុកវាយធ្វើបាប ប្រើអំពើហឹង្សាលើគាត់ ដោយខុសពីការពិតបែបនេះ វាជារឿងមួយដែលខ្ញុំហៅថា "បង្កើតរឿងភូតកុហក" ដើម្បីធ្វើខ្លួនឲ្យអ្នកមិនដឹងរឿងពិត ជួយខឹង ជួយអាណិត និងជួយស្អប់»។
លោក សួន សេរីរដ្ឋា បានបញ្ជក់បន្ថែមថា «ដើម្បីជួយជាតិ ជួយពលរដ្ឋ សូមអ្នកដែលគេហៅថា អ្នកវិភាគនោះ ហ៊ាននិយាយបង្ហាញត្រឹមការពិតបានហើយ កុំបំភ្លើស។ ស្អប់ខ្ញុំ ក៏ស្អប់ចុះ ព្រោះខុសខ្ញុំថាខុស ត្រូវខ្ញុំថាត្រូវ»។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារ អស់រយៈពេលប្រមាណ ១៨ខែ។ លោក គឹម សុខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង ៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។
ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មលោក កែម ឡី៕