(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំសភារៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំ ប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖
១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។
២៖ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។ ពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ ពិសេសការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់សហគ្រាសធន់តូច និងធន់មធ្យម និងសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងអត្រាការប្រាក់ទាបសមរម្យ។ល។
៣៖ ធានាដល់ការជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្ដល់ជូនដល់ស្រទាប់យុវជន និងការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ។ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ។ បន្តដំឡើងប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការពារអាជីពជូនកម្មករនិយោជិត ការបន្តដំឡើងប្រាក់សោធននិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន។ ពង្រឹងបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃសិក្សា ពិសេសនៅតំបន់ជនបទ។
៤៖ ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំទ្រសង្គម និងរបបសន្តិសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាពផ្ដល់ជូនប្រជាជនគ្រប់រូប ពិសេសជនក្រីក្រ និងក្រុមជនងាយរងគ្រោះពីហានិភ័យនានា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា សម្ដេចនឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋនៅមុនការបោះឆ្នោត ពិសេសផ្ដល់ការយកចិត្តទុកដាក់លើវិធានការជាក់ស្ដែង ដែលត្រូវដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩ រួមមាន៖
១៖ បន្តដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត និងរៀបចំបើកប្រាក់ឈ្នួលពលកម្មក្នុងរយៈពេល២សប្ដាហ៍ម្ដង។
២៖ បន្តបង្កើនបៀវត្ស និងប្រាក់សោធននិវត្តជូនមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន និងរៀបចំបើកបៀវត្ស និងប្រាក់សោធននិវត្តតាមប្រព័ន្ធធនាគារ ក្នុងរយៈពេល២សប្ដាហ៍ម្ដង។
៣៖ បញ្ចុះថ្លៃអគ្គិសនីតាមកម្មវិធីនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
៤៖ ដាក់ឱ្យអនុវត្តនូវកម្មវិធីគាំពារសង្គម ជាអាទិភាពមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារក្រីក្រ, របបហានិភ័យការងាររបស់មន្ត្រីសាធារណៈ, របបសោធននិវត្តសម្រាប់កម្មករនិយោជិត។
សូមជម្រាបថា សមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៦ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តចប់រួចរាល់នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕