(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា ការសម្រេចឱ្យ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ក្រោមហេតុផលសុខភាព ព្រមទាំងវិធានកាតព្វកិច្ចដែលត្រូវអនុវត្តជាចាំបាច់។
លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «ទាំងក្រុមគ្រួសារ និងមេធាវីរបស់ជនត្រូវចោទ កឹម សុខា បានលើកអំពីហេតុផលសុខភាព ដើម្បីស្នើសុំបាននៅក្រៅឃុំបណ្តោះអាសន្ន។ ការសម្រេចលើការស្នើសុំនេះ ជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ តាមការយល់ឃើញក្នុងឆន្ទានុសិទ្ធិរបស់ខ្លួន ដែលមានកំណត់ក្នុងនីតិវិធីច្បាប់»។
លោកបានបន្តថា «ក្នុងកាលៈទេសៈដែលចៅក្រមស៊ើបសួរយល់ឃើញថា ហេតុផលសុខភាពជាកត្តាចាំបាច់ដែលតម្រូវឱ្យជនត្រូវចោទគូរបាននៅក្រៅឃុំ ចៅក្រមស៊ើបសួរត្រូវសម្រេចក្នុងពេលនោះ។ សេចក្តីសម្រេចអនុញ្ញាតឱ្យនៅក្រៅឃុំត្រូវកំណត់អំពីវិធានកាតព្វកិច្ចមួយចំនួន ដែលជនត្រូវចោទត្រូវអនុវត្តជាចាំបាច់ ហើយដំណើរការនៃសំណុំរឿងព្រហ្មទណ្ឌនេះបន្តទៅមុខជាប្រក្រតីតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន»។
សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ទាំងមេធាវីលោក កឹម សុខា ទាំងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សុទ្ធតែបានអះអាងថា ទោះពីជាមានការដោះលែងឱ្យនៅក្រៅឃុំក៏ដោយ ក៏សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅតែបន្តអនុវត្តទៅតាមនីតិវិធី។ ជាមួយគ្នានេះ លោក កឹម សុខា ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួនផងដែរ៕