(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានគ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាកិច្ចបច្ឆាមរណៈ។ នេះបើយោងតាមកិច្ចបច្ឆាមរណៈ របស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សូមរំឭកថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បន្ទាប់ពីលោកវេជ្ជបណ្ឌិត បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ ។ ប៉ុន្ដែទោះបីជាគ្មានឈាមជ័រជាខ្មែរ តែលោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ។
ក្រោយទទួលដំណឹងមរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យថ្នាក់ដឹកនាំ មន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋខ្មែរ សម្ដែងនូវការស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំង ចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ៕