(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី គឺលោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុនផងដែរ។
ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរលង់នោះ រដ្ឋមន្រ្តីទាំងពីរ នឹងធ្វើការពិភាក្សាត្រង់ទៅត្រង់មក និងផ្លាស់ប្តូរទស្សនៈគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្រ្តី ក៏មានគម្រោងជួបជាមួយឥស្សរជនសំខាន់ៗរបស់ជប៉ុនដូចជា៖ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភា កម្ពុជា-ជប៉ុន, លោក ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)។
គួរកត់សម្គាល់ថា កម្ពុជា និងជប៉ុនបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៣ ហើយជប៉ុន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់មួយក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាក្រោយឆ្នាំ១៩៩៣មក ហើយទស្សនកិច្ចនេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មីនេះផងដែរ៕
សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម៖