(កំពង់ឆ្នាំង)៖ លោកស្រី ប៉ែន សុភា មេឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាមរយៈបណ្ដាញព័ត៌មាន Fresh News បានធ្វើការបដិសេធចោលទាំងស្រុង នូវព័ត៌មានដែលបានប្រជាពលរដ្ឋប្រកាន់ថា លោកស្រី បានលួចដីជាង៤០ហិកតា នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក លក់ទៅឲ្យឈ្នួញ។
លោកស្រីមេឃុំស្វាយជុក ដីនៅតំបន់ខាងលើនេះ មានឯកសារលិខិតស្នើសុំកាន់កាប់ តាំងពីថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ក្រសួង និងមានលិខិតស្នើទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៀតផង ដូច្នេះលោកស្រីមិនបានឃុបឃិតអ្វីជាមួយឈ្នួញនោះទេ។
លោកស្រី ប៉ែន សុភា បានថ្លែងយ៉ាងដូច្នេះថា «ករណីប្រជាពលរដ្ឋ៨គ្រួសារ បានចោទប្រកាន់ថា លួចលក់ដីឲ្យទៅឈ្មួញប្រមាណជាង៤០ហិកតា នៅចំណុចក្បាលដំណាក់ស្វាយ ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្នបានបំបែកចេញជាភូមិក្តុលអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យនោះ ជារឿងមិនពិតឡើយ»។
ការចេញមកច្រានចោល និងបំភ្លឺយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋទាំង៧គ្រួសារ បានអះអាងថា អាជ្ញាធរភូមិតាំងឃ្លៃ ឃុំស្វាយជុក វាស់ចែកឲ្យគាត់ចូលកាន់កាប់នៅឆ្នាំ២០០២ បានចោទប្រកាន់ថា លោកស្រីមេឃុំ បានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលរស់នៅភូមិឃុំផ្សេងទៀត លួចលក់ដីរបស់ពួកគាត់ប្រមាណជាង៤០ហិកតា នៅចំណុចក្បាលដំណាក់ស្វាយ ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្ន បានបំបែកចេញជាភូមិក្តុលអភិវឌ្ឍន៍ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ៕