(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសុរិយោដីរដ្ឋថ្នាក់ខេត្ត បានបន្តប្រើប្រាស់តួនាទីជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ធ្លី ជូនប្រជាពលរដ្ឋចំនួន៤០ករណីផ្សេងគ្នា ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ការចុះដោះស្រាយទំនាស់ដីធ្លីនេះ បានធ្វើឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅសាលប្រជុំសាលាស្រុកវាលវែង។
ពាក់ព័ន្ធនឹងបញ្ហាទំនាស់នេះ លោក ម៉ៅ ធនិន បានលើកឡើងថា មានតែការជជែកដោះស្រាយទេ ទើបបញ្ហាទាំងអស់ត្រូវបញ្ចប់ តែប្រសិននៅតែប្រកាន់ការរឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការនោះ នឹងត្រូវខាតទាំងថវិកា និងពេលវេលា។
លោកបានបញ្ជាក់ដូច្នេះថា «ការយោគយល់ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឱ្យចោរយ៉ាងអញ្ចឹង»។
លោកបានបន្ថែមថា «អ្នកយកដីគេត្រូវឲ្យគេអ្នកជំពាក់លុយគេ ត្រូវសងគេ បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អាធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា»។
សម្រាប់យុទ្ធសាស្ត្រ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឱ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានផ្តិតមេដៃលើកំណត់ហេតុ ដើម្បីបញ្ចប់ទំនាស់ដីធ្លី៤០ករណី រួមមាន ដីតំបន់អភិរក្ស ដីប៉ះពាល់ក្រុមហ៊ុន ដីព្រៃសហគមន៍ ដីប៉ះពាល់ផ្លូវទឹក និងដីជាន់កម្មសិទ្ធិ -ល- ចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយទំនាស់ខាងលើនោះលោក ម៉ៅ ធនិន ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប បងប្អូនអាជីវករផ្សារប្រម៉ោយ និងបងប្អូនដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពប្រម៉ោយផងដែរ៕