(ចិន)៖ គម្រោងស្ដារឡើងវិញ ចំនួន៣គម្រោង បានបើកការដ្ឋានហើយ កាលពីថ្ងៃអាទិត្យកន្លងទៅ ជាការគូសបញ្ជាក់អំពីចំណងមិត្តភាព រវាងប្រទេសចិន និងប្រទេសណេប៉ាល់ នៅតំបន់ទីបេ។ គម្រោងទាំង៣ រួមមានដូចជា គម្រោងស្ដារស្ថានអគ្គកុងស៊ុលណេប៉ាល់ ដែលមានទីតាំងនៅរដ្ឋធានី ឡាសា (Lhasa) និងគម្រោងស្ដារស្ពានភ្ជាប់ ព្រំដែនចំនួន២កន្លែង ដែលបានខូចខាត ដោយសារគ្រោះរញ្ជួយដីកម្រិត ៨.១ ដែលបានកើតឡើង កាលពីខែមេសា ឆ្នាំ២០១៥កន្លងទៅ។
ស្ថានអគ្គកុងស៊ុល នឹងត្រូវសាងសង់ឡើងវិញ នៅទីតាំងចាស់ នៅលើដីទំហំប្រហែល៨,៥០០ម៉ែតការ៉េ។ ស្ថានកុងស៊ុលនេះ នឹងត្រូវប្រើជាកន្លែងធ្វើការផង ជាកន្លែងទទួលភ្ញៀវផង និងជាកន្លែង សម្រាប់ធ្វើកិច្ចការទូតផង។ សំណង់នេះ នឹងរួចរាល់ជាស្ថាពរនៅឆ្នាំក្រោយ។ លោក គ្រឹះស្នា បាហាឌ័រ ម៉ាហារ៉ា អ្នកនាំពាក្យរដ្ឋសភាប្រទេសណេប៉ាល់ បាននិយាយថា គម្រោងសាងសង់ឡើងវិញទាំងនេះ នឹងជួយលើកស្ទួយដល់ចំណងទ្វេភាគី រវាងប្រទេសចិន និងប្រទេសណេប៉ាល់។
លោក គ្រឹះស្នា បាហាឌ័រ ម៉ាហារ៉ា អ្នកនាំពាក្យរដ្ឋសភាប្រទេសណេប៉ាល់ បានបញ្ជាក់ថា «ដូច្នេះ ការសាងសង់ឡើងវិញនូវស្ពានទាំង២ និងការសាងសង់ឡើងវិញ នូវស្ថានអគ្គកុងស៊ុលនេះ នឹងធ្វើឲ្យចំណងទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែជិតស្និទ្ធ វាគឺជាឱកាសដ៏ធំធេង សម្រាប់ឲ្យប្រទេសណេប៉ាល់ និងប្រទេសចិន អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ឲ្យកាន់តែជិតស្និទ្ធ។ គម្រោងទាំងនេះ នឹងធ្វើឲ្យប្រទេសទាំងពីរ កាន់តែផ្សារភ្ជាប់គ្នា បានកាន់តែល្អ ហើយវាក៏លើកស្ទួយ និងជំរុញដល់វិស័យទេសចរណ៍ និង វប្បធម៌ សម្រាប់ប្រទេសទាំង២ផងដែរ»។
កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលប្រទេសណេប៉ាល់ បានគាំទ្រដល់សម្នើសាងសង់ស្ពានភ្ជាប់ព្រំដែនទាំង២កន្លែងនេះ ដែលមានទីតាំងនៅតំបន់ រ៉ាស៊ូវ៉ា កាទី (Rasuwagadhi) និងតំបន់ តាតូប៉ានី (Tatopani) ក្នុងប្រទេសណេប៉ាល់ ដោយមានជំនួយពីប្រទេសចិន។
បច្ចុប្បន្ន តំបន់ រ៉ាស៊ូវ៉ា កាទី គឺជាច្រកពាណិជ្ជកម្មលើគោក ដ៏សំខាន់រវាងប្រទេសទាំងពីរ ឯតំបន់ តាតូប៉ានី វិញ មានតួនាទីភ្ជាប់ព្រំប្រទល់ជាមួយក្រុង ខាសា (Khasa) របស់ប្រទេសចិន។ ព្រំប្រទល់ តាតូប៉ានី-ចាងម៊ូ (Tatopani-Zhangmu) នៅតែបិទច្រកដដែល ចាប់តាំងពីពេលមានគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានធ្វើឲ្យមនុស្សជិត៩ពាន់នាក់ បាត់បង់ជីវិត។ វាគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត សម្រាប់តំបន់នេះ បើគិតចាប់ពី ឆ្នាំ១៩៣៤មក៕