(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ព្រះរាជអាជ្ញាបានបញ្ជាឲ្យឃាត់ខ្លួន ក្រុមអាជីវករផ្សារព្រៃទា ចំនួន៤នាក់ និងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយប្រើប្រាស់អំពើហិង្សា និងចាប់ក្មេងស្រីជំទង់ម្នាក់កោរសក់ ដោយសង្ស័យលួចទូរស័ព្ទនៅក្នុងផ្សារ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសុំគោលការណ៍ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទទួលបន្ទុក និងឯកឧត្តមស្នងការ គឺបញ្ជូនជនសង្ស័យទាំង៤នាក់ ឡើងតុលាការដើម្បីចាត់វិធានការណ៍ និងដើម្បីឲ្យពួកគាត់ស្គាល់ពីនីតិវិធីច្បាប់តែប៉ុណ្ណោះ និងឈប់ប្រើហិង្សាបន្ដទៀត»។
បើតាមលោកអធិការ សកម្មភាពប្រើប្រាស់អំពើហិង្សានេះ មិនអាចបណ្ដែតបណ្ដោយបែបនេះទៀតបាននោះទេ។ លោកបានពន្យល់ថា ស្ដ្រីដែលលួចទូរស័ព្ទនេះ បើនិយាយអំពីទោស គឺទោសពីបទលួច ប៉ុន្ដែការប្រើហិង្សា ឬប្រើតុលាការប្រជាជននេះ ខុសនីតិវិធី ព្រោះពលរដ្ឋមានសិទ្ធិត្រឹមតែចាប់បញ្ជូនជនសង្ស័យទៅ នគរបាលយុត្តិធម៌ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះ លោក យឹម សារ៉ាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើជនសង្ស័យ នៅពេលចាប់ខ្លួនបាន ពោលត្រូវបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។
សូមជម្រាបថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។
យ៉ាងណាមិញ សម្រាប់ស្ដ្រីជនសង្ស័យដែលអាជីវករចាប់កោរសក់ និងប្រើប្រាស់ហិង្សានោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីហៅមកសួរនាំដូចគ្នាដែរ ព្រោះថាក្រោយពេលកើតហេតុអាជីវករ បានដោះលែងត្រឡប់ទៅវិញ។
បន្ទាប់មកវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពនេះផងដែរ ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ច ដើម្បីផ្ដន្ទាទោសតាមច្បាប់៕