(ស្វាយរៀង)៖ តំណាងសហគមន៏សាមគ្គីរមាសហែក បានធ្វើការចោទប្រកាន់ទៅលើមន្ត្រីអាជ្ញាធរ សមត្ថកិច្ចឃុំអំពិល និងស្រុករមាសហែក ខេត្តស្វាយរៀងថា បានរិតត្បិតមិនអោយមន្ត្រីរបស់សហគមន៍ បើកវគ្គបង្រៀនប្រជាពលរដ្ឋស្ដីពីជំនាញចិញ្ចឹមមាន់ និងការសន្សំប្រាក់នៅតាមមូលដ្ឋាន បើទោះបីជាសហគមន៏នេះ បានជូនដំណឹងដល់អាជ្ញាធររួចហើយក៏ដោយ។ ប៉ុន្តែមន្ត្រីអាជ្ញាធរបានធ្វើការបដិសេធ ទៅនឹងការចោទប្រកាន់នេះ និងអះអាងថាបើសហគមន៏នេះមានច្បាប់ទម្លាប់ត្រឹមត្រូវ នោះនឹងមិនហាមឃាត់ឡើយ មានតែសហការ តែសហគមន៏នេះ បានត្រឹមតែនិយាយ មិនបង្ហាញលិខិតស្នាមផ្លូវច្បាប់អ្វីឡើយ។
កាលពីថ្ងៃព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចប៉ុស្តិ៍ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចុះទៅធ្វើការហាមឃាត់ សហគមន៏សាមគ្គីរមាសហែក មិនឲ្យបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដល់សមាជិកសហគមន៏ នៅក្នុងសហគមន៍សាមគ្គី រមាសហែកដោយសំអាងថា សហគមន៏នេះ គ្មានច្បាប់ គ្មានលិខិតស្នាមត្រឹមត្រូវ គ្រាន់តែអះអាងដោយខ្លួនឯងថា ជាសហគមន៏តែប៉ុណ្ណោះ។
មន្ត្រីសហគមន៏ បានអះអាងថា ការចុះបង្រៀននេះ គឺខ្លួនបានធ្វើការជូនដំណឹង និងយល់ព្រមពីសំណាក់មេភូមិ មេឃុំ និងការិយាល័យកសិកម្មស្រុក រួចហើយ ក៍ដោយ ក៍អាជ្ញាធរមិនអនុញាតអោយដែរ។
យោងតាមតំណាងកសិករចិញ្ចឹមមាន់ម្នាក់នៅភូមិអំពិល ឃុំអំពិល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News អោយដឹងថា ពិតជាមានករណីសមត្ថកិច្ច ទៅហាមឃាត់ពួកគាត់មិនអោយផ្សព្វផ្សាយស្តីពី វគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ពិតប្រាកដមែននៅព្រឹកនេះ ក្រោមការបញ្ជាពីលោក អធិការស្រុក។ក្រោយពីសមត្ថកិច្ចចុះហាមឃាត់មិនអោយផ្សព្វផ្សាយ ពួកគាត់បានផ្អាកតាមការស្នើសុំ តែពួកគាត់សំណូមពរទៅសមត្ថកិច្ចវិញថាបើមិនអោយ ផ្សព្វផ្សាយនៅសហគមន៏ ពួកគាត់ស្នើសុំចុះទស្សនកិច្ចតាមខ្នងផ្ទះវិញ សមត្ថកិច្ចក៏បានយល់ព្រម តែស្ថិតក្រោមការឃ្លាំមើលពីសមត្ថកិច្ចដដែល។
តំណាង កសិករចិញ្ចឹមមាន់ បានសម្ដែងការហួសចិត្តគ្រាន់តែផ្សព្វផ្សាយ របៀបចិញ្ចឹមមាន់សោះ ក៏ត្រូវបានសមត្ថកិច្ចមកហាមឃាត់ បើទោះបីបានសុំច្បាប់អនុញាត តាំងពីមេភូមិ មេឃុំ រហូតដល់ស្រុកហើយក៏ដោយ ក្នុងនោះខាងសហគមន៏បានស្នើសុំច្បាប់៣ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីរបៀបចិញ្ចឹមមាន់នេះ។
ពាក់ព័ន្ធការចោទប្រកាន់នេះ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ភ្នាក់ងារ Fresh News បានទាក់ទងតាមទូរស័ព្ឌទៅលោកអធិការនគរបាលស្រុក រមាសហែកឈ្មោះអុល ដើម្បីសុំការបំភ្លឺ តែលោកបានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថាកំពុងរវល់ប្រជុំ ហើយក៏បិទទូរស័ព្ទបាត់ទៅ។
លោកពេញ ជា អភិបាលស្រុករមាសហែក បានឆ្លើយប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ឌអោយដឹងថា មន្ត្រីរបស់លោកពិតជា ចុះទៅហាមឃាត់មែន ព្រោះសហគមន៏នេះ គ្មានច្បាប់ទម្លាប់នោះទេ ចេះតែថា គ្មានច្បាប់ទម្លាប់ពីក្រសួង ពីខេត្តអីនោះទេ គាត់ចេះតែអះអាងថាតែខ្លួនគាត់ប៉ុណ្ណោះ បើដូចអង្គការឬសហគមន៏ ផ្សេងៗ គេមានច្បាប់ត្រឹមត្រូវ គឺអាជ្ញាធរមិនហាមឃាត់នោះទេ មានតែសហការ មិនតែប៉ុណ្ណោះ តាមការក្ដាប់ព័ត៌មានបាន គឺមន្ត្រីសហគមន៏ខាងលើ ប្រើរូបមន្តចុះបង្រៀន ប្រជាពលរដ្ឋពីជំនាញចិញ្ចឹមមាន់ តែធាតុពិតគឺកែនប្រជាពលរដ្ឋ ទៅធ្វើរឿងផ្សេងៗ ដូចជារឿងដីធ្លីជាដើម៕