(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតរហូតមកដល់ម៉ោងជិត៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកបាន និងកំពុងជន់លិចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហេតុដូច្នេះហើយបង្ខំឲ្យអាជ្ញាធរសម្រេចបិទចរាចណ៍ ទាំងស្រុងទាំងរថយន្តធុនធំ និងរថយន្តធុនតូច។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះផ្លូវជាតិលេខ៤ (ម្តុំស្ទឹងសំរោង) ទឹកជន់លិចថ្នល់ប្រមាណ៦តឹកទៀត ហើយទឹកលិចចន្លោះពី៥០០ទៅ៦០០ម៉ែត្រ ដូច្នេះនៅពេលនេះយើងសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ទាំងរថយន្តធុនធំ និងរថយន្តធុនតូច»។
បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សម្រាប់ស្ថានភាពទឹកលិចនេះ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងតែមមាញឹកក្នុងការជួយសម្រួលចរាចរណ៍។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត៕