(ចិន)៖ ក្រុមហ៊ុនចិនទាំងឡាយ ដែលផលិតដ្រូនទំនើបៗ កំពុងចង់ចាប់ដៃគូជាមួយក្រុមហ៊ុនរុស្ស៊ី ដែលផលិតដ្រូនដូចគ្នា ដោយសារប្រទេសទាំងពីរកំពុងចង់សហការគ្នាកាន់តែស៊ីជម្រៅ លើវិស័យបច្ចេកវិទ្យា។

ប្រទេសចិន បន្តសហការជាមួយប្រទេសរុស្ស៊ី កាន់តែស៊ីជម្រៅ មិនត្រឹមតែនៅក្នុងវិស័យឧស្សាហកម្មជាទូទៅនោះទេ តែក៏សហការក្នុងវិស័យឧស្សាហកម្មថ្មីៗដូចជា ផ្នែកផលិតដ្រូនជាដើម។ ប្រទេសចិនកោតសរសើរប្រទេសរុស្ស៊ី ដែលមានអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រដ៏ចំណានលំដាប់កំពូល ដែលកំពុងធ្វើការក្នុងវិស័យជាច្រើនដូចជា វិស័យថាមពលថ្មី វិស័យបញ្ញានិម្មិត និងវិស័យម៉ាស៊ីនស្វ័យប្រវត្តិ។

ក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើជាអ្នកត្រួសត្រាយផ្លូវ លើការងារសហការផ្នែកដ្រូនរវាងប្រទេសចិននិងរុស្ស៊ីនេះ។ អ៊ីហាង (Ehang) ដែលជាក្រុមហ៊ុនផលិតដ្រូនមួយ នៅខេត្តគ័ងតុង ប៉ែកខាងត្បូងប្រទេសចិន ស្ថិតក្នុងចំណោមក្រុមហ៊ុនចិនផលិតដ្រូនលំដាប់កំពូល ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតដ្រូនរបស់រុស្ស៊ី។

លោក ចាង ហាន់ធ័រ អនុប្រធានក្រុមហ៊ុន អ៊ីហាង និយាយថា «សហប្រតិបត្តិការរបស់យើង នឹងផ្តោតសំខាន់លើការប្រើដ្រូនសម្រាប់ការងារឧស្សាហកម្ម ដូចជាការងារត្រួតពិនិត្យបណ្តាញលូ ពិនិត្យហ្គាស ស្រង់ស្ថិតិដោយប្រើឡាស៊ែរ និងធ្វើប្លង់គំរូ។ ប្រទេសរុស្ស៊ី មានចំណេះដឹងផ្នែកបច្ចេកវិទ្យាខ្ពស់ណាស់ លើការងារនេះ។ តែការដែលយើងបញ្ចូលបច្ចេកវិទ្យានោះទៅក្នុងដ្រូន វាជារឿងផ្សេងដាច់ស្រឡះតែម្តង។ ចំនុចនេះហើយ គឺជាអ្វីដែលយើងកំពុងជជែកជាមួយក្រុមហ៊ុនរុស្ស៊ីដែលជាដៃគូរបស់យើង»

ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ បានកើតមានឡើងនៅក្នុងកម្មវិធីតាំងពិព័រណ៍ ចិន-រុស្ស៊ី កាលពីឆ្នាំមុន នាទីក្រុង ហាពីន ភាគឦសានប្រទេសចិន។ អតិថិជនជាច្រើននៅប្រទេសរុស្ស៊ី បានចាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកវិទ្យាដ្រូនរបស់ក្រុមហ៊ុន អ៊ីហាង។

ក្រោយមក ក៏មានការសម្របសម្រួលពីអង្គការមួយនៅ ក្រុងគ័ងចូវ ជាអង្គការដែលលើកស្ទួយសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រទេសចិន ជាមួយក្រុមរដ្ឋឯករាជ្យរុស្ស៊ី ដោយប្រទេសរុស្ស៊ីក៏ធ្វើជាសមាជិកដែរ។

ក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅ អង្គការនេះបានផ្សព្វផ្សាយគម្រោងរាប់ពាន់គម្រោងរបស់ប្រទេសរុស្ស៊ី ដោយនាំយកអ្នកជំនាញរុស្ស៊ីជាង៥០០នាក់ ឱ្យមកកាន់ប្រទេសចិន ដើម្បីជួយក្រុមហ៊ុនចិននានាលើការងារផ្នែកវិទ្យាសាស្ត្រ ដូចជាការងារផ្នែកវត្ថុធាតុដើមថ្មីៗ ផ្នែកសន្សំថាមពល និងផ្នែកទិន្នន័យធំជាដើម។

លោក លាំង ចឹងហ្វា អគ្គលេខាធិការរង សម្ព័ន្ធគ័ងតុងស៊ីអាយអេសអន្តរជាតិ ដើម្បីសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និយាយថា​ «យើងមានភាពជាដៃគូដ៏យូរអង្វែងជាមួយគ្រឹះស្ថានស្រាវជ្រាវចំនួន២៣កន្លែងនៅប្រទេសរុស្ស៊ី ដូចជាបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីជាដើម។ ការិយាល័យរបស់យើងនៅតាមគ្រឹះស្ថានទាំងនោះ ជួយផ្តល់ព័ត៌មានថ្មីៗបំផុត អំពីស្នាដៃផ្នែកបច្ចេកវិទ្យារបស់ប្រទេសរុស្ស៊ី។ ហើយយើងណែនាំគម្រោងដ៏សមស្រប ទៅកាន់ក្រុមហ៊ុនចិនទាំងឡាយ ដែលត្រូវការ»

ក្រៅពីវិស័យឧស្សាហកម្មទូទៅ ចិននិងរុស្ស៊ីក៏កំពុងសហការគ្នាលើវិស័យថ្មីៗដែលគេរំពឹងថានឹងជួយរុញច្រានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ ដែលមានដូចជាវិស័យបច្ចេកវិទ្យាឌីជីថល វិស័យម៉ាស៊ីនស្វ័យប្រវត្តិ និងវិស័យបញ្ញានិម្មិតAI។

លោក លាំង និយាយថា ជាទូទៅ នៅពេលដែលគេគិតដល់ឧស្សាហកម្មរបស់ប្រទេសរុស្ស៊ី គេតែងនឹកដល់គ្រឿងយុទ្ធភណ្ឌ ប្រេង និងហ្គាស។ ហើយមានមនុស្សតិចណាស់ ដែលដឹងថាប្រទេសរុស្ស៊ីគឺជាអ្នកផ្តើមបង្កើតបច្ចេកវិទ្យាថ្មីៗជាច្រើន ព្រមទាំងបណ្តុះធនធានមនុស្សបានយ៉ាងច្រើន លើវិស័យផ្សេងៗគ្នា។

អ្វីដែលប្រទេសរុស្ស៊ីមិនមាននោះ គឺទីផ្សារដែលធំស្មើនឹងទីផ្សាររបស់ប្រទេសចិន សម្រាប់ជួយឱ្យបច្ចេកវិទ្យាថ្មីៗទាំងនោះ មានគេយកទៅប្រើនៅតាមរោងចក្រឧស្សាហកម្ម ឱ្យបានលឿន។

ទីផ្សារដ្រូន នឹងក្លាយជាទីផ្សារមួយដែលបង្កើតបានជាផ្លែផ្លាជាច្រើន តាមរយៈភាពជាដៃគូរវាងប្រទេសចិននិងប្រទេសរុស្ស៊ី៕