(ភ្នំពេញ)៖ រដ្ឋមន្ត្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺម្យ៉ាងដែលមានឈ្មោះថា ជំងឺ «ម៉ូសាអ៊ិក» ដែលបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរលើដំណាំដំឡូងមី។
លោករដ្ឋមន្ត្រីលើកឡើងថា ការលេចឡើងនូវជំងឺ «ម៉ូសាអ៊ិក» ដ៏គ្រោះថ្នាក់លើដំណាំដំឡូងមី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិ នៃបណ្តាប្រទេសនីមួយផងដែរ។
ការបង្ហាញការព្រួយបារម្ភនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីផែនការគ្រប់គ្រងជំងឺ «ម៉ូសាអ៊ិក» ដំឡូងមីនៅអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ។
លោករដ្ឋមន្ត្រីថ្លែងថា «ជំងឺនេះបានផ្ទុះឡើង នៅប្រទេសឥណ្ឌា និងស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាម និងកម្ពុជា ដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ លើផលិតកម្មដំឡូងមី ក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឲ្យមានការសិក្សា និងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការរាលឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត»។
លោក វេង សាខុន បានបញ្ជាក់ថា ដំណាំដំឡូងមី ជាដំណាំអាទិភាពមួយ របស់ប្រទេសកម្ពុជា ដែលបាននិងកំពុងបំពេញតួនាទី ជាស្បៀងរបស់កសិករ ជាវត្ថុធាតុដើមបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ នៅឆ្នាំ២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមី ជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង០.៦១លានហិចតា និងទទួលបានទិន្នផលជាង ១៣.៨លានតោន។
លោករដ្ឋមន្ត្រីបន្ថែមថា «កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមី ទាំងជាទម្រង់វត្ថុធាតុដើម និងផលិតផលសម្រេចដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងផលិតផលដំឡូងមីជាង ៣.៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៧កន្លងទៅ»។
លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ យកទៅពិចារណា ដើម្បីស្វែករកគន្លឹះដោះស្រាយបញ្ហានេះ ឲ្យមានប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ ដែលអនុសាសន៍ទាំងនោះរួមមាន៖
១៖ រួមគ្នាសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពជំងឺ លក្ខណៈនៃការរាលឆ្លង និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយទៅតំបន់មួយ។ ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។
២៖ គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ការចរាចរពូជពីតំបន់មានផ្ទុះជំងឺ ទៅតំបន់គ្មានជំងឺ ពិសេសនៅតាមបណ្តោយព្រំដែន។
៣៖ បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាលខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការនាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។
៤៖ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងដំណោះស្រាយរវាងប្រទេសក្នុងតំបន់។
៥៖ បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិត ឲ្យបានទូលំទូលាយ និងស្នើសុំការសហការពីពួកគាត់ក្នុងករណីមានផ្ទុះជំងឺនេះឡើង៕