(វ៉ាស៊ីនតោន)៖ រដ្ឋបាលនៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនជនភៀសខ្លួន ដែល ត្រូវអនុញ្ញាតឱ្យចូលមកកាន់សហរដ្ឋអាមេរិកឱ្យនៅត្រឹមតែ ៣០,០០០នាក់ប៉ុណ្ណោះសម្រាប់ឆ្នាំសារពើពន្ធ២០១៩ ដោយចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញការសម្រេចចិត្តនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានឱ្យដឹងថា ចំនួនជនភៀសខ្លួនខាងលើ គឺជាកម្រិតអតិបរមាដែលសហរដ្ឋអាមេរិកនឹងត្រូវទទួលនៅអំឡុងឆ្នាំ២០១៩ បើធៀបទៅនឹងឆ្នាំ២០១៨ នេះមានចំនួនរហូតដល់ ៤៥,០០០នាក់។ ប៉ុន្តែវានៅតែស្ថិតនៅក្នុងកម្រិតទទួលយកជនភៀសខ្លួនមួយទាបនៅឡើយចាប់តាំងពីឆ្នាំ១៩៨០។
លើសពីនេះទៅទៀត វិធានការថ្មីនេះក៏នឹងត្រូវដាក់ចេញផងដែរ នៅក្នុងត្រួតពិនិត្យមួយមានរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដឹកនាំការវាយតម្លៃពីជនភៀសខ្លួនមកពី ១១ប្រទេស ដែលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ សហរដ្ឋអាមេរិក បានទទួលយកជនភៀសខ្លួនជិត ៨៥,០០០នាក់ នៅឆ្នាំចុងក្រោយនៃអណត្តិជាប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា៕