(ម៉ូស្គូ)៖ ទីបំផុតក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ក៏ដូចជាទទួលស្គាល់ថា យន្តហោះយោធាឈ្លបការណ៍មួយគ្រឿងរបស់ខ្លួន មានផ្ទុកមនុស្ស ១៥នាក់ (ពីដំបូងមានថាមនុស្ស ១៤នាក់) ដែលសុខៗស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដានោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសស៊ីរី ច្រឡំបាញ់ទម្លាក់នៅលើដែនសមុទ្រមេឌីទែរ៉ាណេ ហើយខណៈពេលនេះក្រុមជួយសង្រ្គោះ ក៏កំពុងបន្តស្វែងរកយន្តហោះដែលធ្លាក់នោះ ប៉ុន្តែពុំសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន (AP) នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីរុស្ស៉ី យន្តហោះយោធារបស់ខ្លួន ត្រូវបានស៊ីរីបាញ់ទម្លាក់ដោយការភ័ន្តច្រឡំ ដែលតាមពិតនោះប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី នាពេលនោះមានគោលដៅ ទៅលើកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលទៅវិញទេ ដែលបានធ្វើប្រតិបត្តិការវាយលុកទៅលើទីតាំងក្នុងទីក្រុង ឡាតាកៀ (Latakia) នៃប្រទេសស៊ីរី។ ជុំវិញហេតុការណ៍នេះ ទីក្រុងម៉ូស្គូបានបន្ទោសយន្តហោះអ៊ីស្រាអែល និងចោទយោធាអ៊ីស្រាអែលថា បានបង្ករឿងដោយចេតនា និងពុំបានផ្តល់ដំណឹងដល់រុស្ស៉ីមុនឡើយ អំពីប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់។
គួរជម្រាបថា នៅមុនការចេញមុខបញ្ជាក់ច្បាស់ខាងលើ ប្រទេសដែលពាក់ព័ន្ធ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ខណៈអាមេរិកចោទស៊ីរីថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានច្រឡំបាញ់ទម្លាក់យន្តហោះយោធារុស្ស៉ី ហើយរុស្ស៊ីជាជនរងគ្រោះវិញបានប្រាប់ថា ខ្លួនចាប់បានសញ្ញាបាញ់មីស៊ីលពីនាវាចម្បាំងបារាំងឯណោះទៅវិញ និងស៊ីរីបានចោទថា វាជាទង្វើរបស់ប្រទេសអ៊ីស្រាអែល៕