(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការពិភាក្សាត្រីភាគីជាលើកទី៣ លើការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ខាងមុខ ភាគីនិយោជក បានដំឡើងតួលេខប្រាក់ឈ្នួលពី ១៧៥ដុល្លារ ឡើងទៅ១៧៦ដុល្លារ រីឯភាគីសហជីពវិញ ក៏បានសម្រួលការទាមទាររបស់ខ្លួនពី១៩២ដុល្លារ ធ្លាក់មក១៨៩ដុល្លារ។
នេះជាការបញ្ជាក់របស់លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ នៅក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ក្រុមការងារបច្ចេកទេសត្រីភាគីរបស់យើង បានប្រជុំគ្នាសារជាថ្មីម្ដងទៀត ហើយបានឈានទៅដល់លទ្ធផលថ្មីមួយកាន់តែវិជ្ជមាន ដោយក្នុងនោះភាគីនិយោជកបានដំឡើងតួលេខពី១៧៥ដុល្លារ ទៅដល់១៧៦ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំថ្មី ហើយភាគីសហជីពបានកែសម្រួលការទាមទាររបស់ខ្លួនពី១៩២ដុល្លារ មក ១៨៩ដុល្លារ»។
លោកបន្តថា លទ្ធផលនៃការសម្រួលនេះ ក៏ផ្ដើមចេញពីការពន្យល់គ្នាទៅវិញទៅមករបស់ភាគីនីមួយៗ និងមានការធានាអះអាងពីភាគីរាជរដ្ឋាភិបាល និងស្ថាប័ននានាទៅកាន់ភាគីនិយោជកផងដែរ។ ភាគីរាជរដ្ឋាភិបាលបានសន្យាកែសម្រួលសេវាផ្សេងៗ ដើម្បីធានាបរិយាកាសវិនិយោគ លើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនេះ។ រីឯភាគីសហជីពវិញ ក៏ទទួលបានការពន្យល់ដូចគ្នា អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការបន្តកាត់បន្ថយចំណាយផ្សេងៗ របស់កម្មករនិយោជិត ហើយនឹងបង្កើនសេវាគាំពារសង្គមជូនថែមទៀតដែរ។
បើតាមការបញ្ជាក់របស់លោក ហេង សួរ កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើកក្រោយ នឹងធ្វើឡើងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំចុងក្រោយ។ លោកថា តាមកាលវិភាគ គឺនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ គឺជាពេលវេលាដែលគណៈកម្មការប្រឹក្សាការងារនឹងប្រជុំជាលើកទី២ ដើម្បីពិនិត្យទៅលើសំណើ ដែលក្រុមការងារបច្ចេកទេសត្រីភាគីសម្រេចបាន នៅថ្ងៃទី០៤ ខែតុលា។
ជាមតិរបស់តំណាងភាគីនិយោជក លោក កាន់ ម៉ូនីកា បានបញ្ជាក់ថា ថ្វីដ្បិតប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជា ទាបជាងប្រាក់ឈ្នួលនៅវៀតណាមដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែវាក៏នៅតែខ្ពស់ជាងដៃគូប្រកួតប្រជែងដទៃទៀត ដូចជាមីយ៉ាន់ម៉ា បង់ក្លាដេស ដល់ទៅ២ដងឯណោះ ដូច្នេះវាធ្វើឱ្យលទ្ធភាពនៃការប្រកួតប្រជែងមានបញ្ហាពិបាកខ្លាំងមែនទែនសម្រាប់កម្ពុជា។
លោក កាន់ ម៉ូនីកា បានបន្តថា ការកំណត់ប្រាក់ឈ្នួលនេះ ត្រូវតែធ្វើដោយការប្រុងប្រយ័ត្នបំផុត ពីព្រោះផលប៉ះពាល់មិនត្រឹមតែមានមកលើវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងប៉ុណ្ណោះទេ វិស័យផ្សេងៗទៀតក៏មានផលប៉ះពាល់ជាមួយគ្នាដែរ។ ត្រង់ចំណុចនេះ លោកបានកត់សម្គាល់ថា និយោជកក្នុងវិស័យមួយចំនួនទៀត ក៏ចង់បន្ថែមកម្លាំងពលកម្មផងដែរ ប៉ុន្តែពួកគេហាក់មានការរារែក ដោយសារតែមួយរយៈពេលចុងក្រោយនេះ ប្រាក់ឈ្នួលសម្រាប់កម្មករ មានការកើនឡើងយ៉ាងគំហុក។
តំណាងភាគីនិយោជករូបនេះ បានបន្តអំពាវនាវដល់ភាគីរាជរដ្ឋាភិបាល ឱ្យជួយបញ្ចុះតម្លៃអគ្គិសនី និងជួយបន្ថយការយកកម្រៃ ពីសំណាក់ស្ថាប័នកាំកុងត្រូល ដោយលោក កាន់ ម៉ូនីកា បានអះអាងថា ប្រសិនបើរាជរដ្ឋាភិបាល ជួយសម្រួលបញ្ហានេះ ជូនភាគីនិយោជកបាន ការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា នឹងនៅតែបន្តទៅមុខទៀត៕