(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋមកពីបណ្តាភូមិ-ឃុំ ក្នុងស្រុកក្រគរ ដែលមានបញ្ហាទំនាស់ដីធ្លី កន្លែងផ្សេងៗគ្នា ជាយូរឆ្នាំមកហើយ ចំនួន៤៤ករណី ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក ឃុំ-ភូមិ បានធ្វើការសម្របសម្រួល ដោះស្រាយជាលក្ខណៈគ្រួសារ ក្រៅប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដើម្បីឈ្នះទាំងអស់គ្មា គឺគ្មានអ្នកចាញ់។
ដំណោះស្រាយទំនាស់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកក្រគរ លោក ម៉ៅ ធនិន បានថ្លែងថា បញ្ហាទំនាស់ដីធ្លី តែងតែកើតមានគ្រប់ទីកន្លែង។ លោកថា ទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានចុះទៅធ្វើការសម្របសម្រួល ដោះស្រាយករណីវិវាទទាំងនោះបានជាបន្តបន្ទាប់ ដូចជានាពេលថ្មីៗ នៅស្រុកវាលវែង ក៏មានបញ្ហាទំនាស់ដីធ្លី មានចំនួន៤០ករណី ត្រូវបានសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ ទទួលបានជោគជ័យ។
បើតាមលោកអភិបាលខេត្ត នៅស្រុកក្រគរ ក៏កើតមានបញ្ហាទំនាស់ដីធ្លី មានរហូតដល់៤៤ករណី ក្នុងនោះទំនាស់ដីធ្លីប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភាពីម៉ិច ចំនួន១០ករណី, ទំនាស់ដីធ្លីប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ ចំនួន១៨ករណី, និងទំនាស់ដីកម្មសិទ្ធិរវាងប្រជាពលរដ្ឋ ចំនួន១៦ករណី។ នៅរាល់ករណីវិវាទទំនាស់ទាំងនោះ ត្រូវបានលោក សូមឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុននីមួយៗ រាយការណ៍ស្រាយបំភ្លឺ អំពីបញ្ហាវិវាទទាំងនោះ ដើម្បីឲ្យរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ទទួលបានព័ត៌មាន និងរបាយការណ៍មួយមានភាពជាក់លាក់ ច្បាស់លាស់ត្រឹមត្រូវជាមុន ទើបធ្វើការសម្របសម្រួល ដោះស្រាយទៅតាមនីតិវិធី។
លោកអភិបាលខេត្ត បានថ្លែងថា មានតែការជជែក ពិភាក្សាផ្លាស់ប្តូរ និងធ្វើការសម្របសម្រួល យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកទេ ទើបបញ្ហាទាំងអស់នោះត្រូវបញ្ចប់ តែបើប្រជាពលរដ្ឋ និងភាគីម្ខាងទៀត នៅតែប្រកាន់ជំហររឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការនោះ នឹងត្រូវខាតពេលវេលា និងថវិកា ប្រឈមទៅនឹងភាពក្រីក្រជាក់ជាមិនខានឡើយ។ លោកបានថ្លែងទៀតថា អ្នកយកដីគេត្រូវឲ្យគេវិញ អ្នកខ្ចីលុយគេត្រូវសងគេវិញ កុំចង់យករបស់គេធ្វើអ្នកមាន បើអត់ត្រូវសុំគេ កុំលោភលន់ ចង់បានទ្រព្យរបស់គេ វាមិនត្រឹមត្រូវនោះឡើយ។
លោក ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា ពលរដ្ឋម្នាក់ៗ ត្រូវមានការយោគយល់អធ្យាស្រ័យ សន្តោសប្រណីជួយគ្នាទៅវិញទៅមក ទើបល្អប្រសើរ ព្រោះជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ។
ផ្អែកតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព ប្រជាពលរដ្ឋដែលជាភាគីទំនាស់ទាំងសងខាង បានពេញចិត្តទទួលយក ព្រមទាំងផ្តិតមេដៃលើកំណត់ហេតុ បញ្ចប់ទំនាស់ដីធ្លីទាំង៤៤ករណី និងបានដីកម្មសិទ្ធិ អាចយកទៅប្រើប្រាស់ទៅតាមតម្រូវការ ដើម្បីបង្កើនជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ឆ្លៀតឱកាសមុនចុះសម្របសម្រួល លោក ម៉ៅ ធនិន បានជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខភាព នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលមានអ្នកជំងឺទូទៅ១២នាក់, របួសម្នាក់, កុមារ៨នាក់ និងឆ្លងទន្លេ៣នាក់ ព្រមទាំងចែកជូនវត្ថុកំដរដៃ រួមមានសារុង និងថវិកាមួយចំនួន ដល់អ្នកជំងឺ និងបុគ្គលពេទ្យផងដែរ៕