(ភ្នំពេញ)៖ ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋខ្មែរកំពុងមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យថា «សាលារៀនជំនាន់ថ្មី NGS» ហើយក៏កំពុងតែងឿងឆ្ងល់ផងដែរថាតើអ្វីទៅជាសាលារៀនជំនាន់ថ្មី NGS?
ការងឿងឆ្ងល់ និងភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោយពេលគ្រូៗបង្រៀននៅសាលាព្រះស៊ីសុវត្ថិ និងសិស្សមួយចំនួននៅថ្ងៃទី១៨ និង១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំគ្នាចេញមកលើកបដាតវ៉ាជាបន្តបន្ទាប់ ដោយមិនចង់ឲ្យមានកម្មវិធី «សាលាជំនាន់ថ្មី NGS» នៅក្នុងសាលាព្រះស៊ីសុវត្ថិ ក្រោមហេតុផលថាកម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្ស និងសិស្ស។
តើអ្វីទៅជាសាលារៀនជំនាន់ថ្មី NGS? សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាមាគ៌ាអភិវឌ្ឍថ្មីមួយនៅក្នុងប្រព័ន្ធអប់រំនាពេលបច្ចុប្បន្នដែលជួយបង្កើតសាលារៀនសាធារណៈស្វយ័ត។
គំនិតសម្រាប់ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំត្រូវផ្តួចផ្តើមឡើងដំបូងដោយអង្គការ KAPE ដែលជាអង្គការក្នុងស្រុកធំបំផុតផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្ពុជា ហើយក្រោយមកអង្គការនេះត្រូវបានអនុម័ត និងត្រូវបានឧបត្ថម្ភថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសាកល្បងរបស់ពួកគេដែលជាគំនិតផ្តួចផ្តើមសាលា Beacon ត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០១៤ នៅខេត្តកំពង់ចាម ហើយនៅពេលដែលកម្មវិធីមានការពង្រីកធំទៅៗ សាលានេះក៏ក្លាយជាសាលារៀនជំនាន់ថ្មីនេះឯង។
គោលបំណងរបស់សាលារៀនជំនាន់ថ្មី គឺការបង្កើតសាលារដ្ឋដែលរក្សាបានស្តង់ដារនៃការអប់រំបានខ្ពង់ខ្ពស់បំផុតតាមរយៈការវិនិយោគថវិកាច្រើន និងផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលា។ នេះគឺជាការខុសប្លែកពីវិធីសាស្ត្រប្រពៃណីរបស់រដ្ឋាភិបាលដែលរមែងតែងតែបែងចែកមូលនិធិស្មើៗគ្នាទាំងអស់។
ប្រសិនបើមិនមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលារៀនទេនោះ សម្ភារៈបរិក្ខារដូចជាបន្ទប់ពិសោធវិទ្យាសាស្ដ្រនឹងមិនត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពទេពីព្រោះគ្រូបង្រៀនរវល់តែស្វិតស្វាញក្នុងការបង្រៀនគួរយកលុយក្រៅម៉ោងវិញ និងមានភាពលម្អៀងទៅលើសិស្សរៀនគួរជាងសិស្សដែលមិនមានលុយរៀនគួរ។
សាលារៀនជំនាន់ថ្មីព្យាយាមដោះស្រាយបញ្ហានេះដោយការលុបបំបាត់ការអនុវត្តបែបនេះទាំងស្រុង។ គ្រូបង្រៀនត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការផ្តល់អាហារូបករណ៍ដើម្បីពង្រឹងគុណធម៌ក្នុងការបង្រៀន និងសុចរិតភាព។ គេបានសង្កេតឃើញថា នៅក្នុងបរិយាកាសថ្មីនេះគ្រូបង្រៀនលែងមានការប្រកួតប្រជែងជាមួយគ្នាដើម្បីទាក់ទាញអតិថិជនដែលជាសិស្សនោះទេ ហើយវាធ្វើឲ្យការពង្រឹងគុណភាពនេះប្រព្រឹត្តទៅដោយរលូន។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយដែលក្រសួងអប់រំបានដាក់ឲ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។
បើតាមលោក ឌី ខាំបូលី បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឲ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីព្រែកអញ្ចាញ វិទ្យាល័យហ៊ុនសែនពាមជីកង អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សាហ៊ុនសែនកំពង់ចាម សាលាបឋមសិក្សាព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។
អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថា កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។
អ្វីដែលនាំឲ្យមានការចាប់អារម្មណ៍ខ្ពស់នោះ កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី បានយកចិត្តទុកដាក់ខ្ពស់លើការលុបបំបាត់ការរៀនក្រៅម៉ោង ឬហៅថារៀនគួរ និងការលក់ឯកសារផ្សេងៗ ដែលនាំឲ្យសិស្សចំណាយក្រៅផ្លូវការលើការសិក្សារបស់ពួកគេ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបនឹងការលើកឡើងថា កម្មវិធីថ្មីនេះតម្រូវឲ្យបង់ការសិក្សាប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ ពីសំណាក់គ្រូៗ អាណាព្យាបាល និងសិស្សនៅសាលាព្រះស៊ីសុវត្ថិផងដែរ។ បើតាមលោក ឌី ខាំបូលី ការបង់ថវិកានេះជាការចូលរួមវិភាគទានសម្រាប់ទ្រទ្រង់ដល់ការអនុវត្តកម្មវិធីសិក្សាថ្មីនេះ ហើយឈរលើគោលការស្ម័គ្រចិត្តប៉ុណ្ណោះ ពោលបើអាណាព្យាបាលមានលទ្ធភាពក៏បង់ ហើយអាណាព្យាបាលសិស្សមានជីវភាពខ្សត់ខ្សោយក៏មិនតម្រូវឲ្យបង់នោះទេ។
យោងតាមស្ថិតិនៃការប្រលងបានបង្ហាញឲ្យឃើញថា លទ្ធផលប្រលងបាក់ឌុបកន្លងទៅរវាងសិស្សដែលរៀនតាមកម្មវិធីសិក្សាចាស់ និងសិស្សរៀនតាមកម្មវិធីសិក្សាថ្មីនេះមានការខុសគ្នាច្រើន ពោលសិស្សរៀនតាមកម្មវិធីសិក្សាថ្មីមានអត្រាជាប់ខ្ពស់ជាងសិស្សរៀនតាមកម្មវិធីសិក្សាចាស់។ ការអនុវត្តន៍កម្មវិធីសិក្សាថ្មីនេះ បានធ្វើឲ្យមានការពេញចិត្តពេញថ្លើមខ្លាំងពីសិស្ស និងអាណាព្យាបាលផងដែរ ដោយបានធ្វើឲ្យចំណេះដឹងទទួលបានមានភាពល្អប្រសើរខ្លាំងបើធៀបជាមួយកម្មវិធីសិក្សាចាស់។
ពាក់ព័ន្ធនឹងការបង់វិភាគទានទ្រទ្រង់ការអនុវត្តន៍កម្មវិធីសិក្សាថ្មីប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំនោះ ត្រូវបានអាណាព្យាបាលមួយចំនួនលើកឡើងថា ចំនួននេះមិនច្រើននោះទេ បើធៀបជាមួយការសិក្សាក្នុងកម្មវិធីសិក្សាចាស់ ព្រោះថាកម្មវិធីសិក្សាចាស់បើមិនបង់លុយប្រចាំតែសិស្សត្រូវចំណាយច្រើនលើការសិក្សាក្រៅម៉ោង និងទិញឯកសារផ្សេងៗ។
តាមការសាកសួរទាំងសិស្ស និងអាណាព្យាបាលបានបង្ហាញថា សាលាជំនាន់ថ្មី ជាកម្មវិធីសិក្សាថ្មីមួយប្រកបដោយភាពល្អប្រសើរក្រោមការប្រឹងប្រែងធ្វើកំណែទម្រង់របស់ក្រសួងអប់រំ ដើម្បីឆ្ពោះទៅរកប្រព័ន្ធអប់រំមួយប្រកបដោយគុណភាព។ តែហេតុអ្វីបានជាគ្រូៗមួយចំនួននៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនាំគ្នាមិនពេញចិត្តលើកម្មវិធីអប់រំនេះ ហើយព្យាយាមសាបព្រោះពាក្យអកុសលថា យកសាលារដ្ឋទៅធ្វើជាសាលាឯកជនទៅវិញ?
មានការលើកឡើងថា ការតវ៉ាទាំងនេះធ្វើឡើងដើម្បីប្រយោជន៍សួនតួជាជាងប្រយោជន៍រួមរបស់ជាតិ ដោយហេតុថា កម្មវិធីសិក្សាថ្មីនេះ នឹងធ្វើឲ្យគ្រូៗបាត់បង់ចំណូលប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការបង្រៀនក្រៅម៉ោង ក៏ដូចជាការលក់ឯកសារនានាទៅឲ្យសិស្សជាដើម។
ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះទទួលបានជោគជ័យ នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងអប់រំ បានដាក់ចេញគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះផងដែរ។ ក្នុងគោលនយោបាយនេះ បានដាក់ចេញនូវចំណុចជាច្រើន ដើម្បីធានាផ្តល់នូវការអប់រំមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី ដែលរៀបចំឡើងដោយក្រសួងអប់រំ និងដាក់ឲ្យអនុវត្តកាលពីឆ្នាំ២០១៦៖