(ចិន)៖ ត្រឹមឆ្នាំ២០២៥ ប្រទេសចិន នឹងមានព្រលានយន្តហោះថ្មីៗជាង១៣០ព្រលានបន្ថែមទៀត។ នេះបើយោងតាមសន្និបាតអភិវឌ្ឍន៍ផ្លូវហោះហើរពិភពលោក លើកទី២៤ ដែលបានចាប់ផ្តើមកាលពីពេលថ្មីៗនេះ នៅឯទីក្រុង គ័ងចូវ។
បូកជាមួយព្រលានយន្តហោះថ្មីៗទាំងនោះ ចិននឹងមានព្រលានយន្តហោះសរុប៣៧០កន្លែង។ ជើងហោះហើរថ្មីរវាងក្រុង គ័ងចូវ ទៅក្រុង ម៉ាឌ្រីត ក្រុង មីលែន ក្រុង ស៊ែនភីធ័របឺក និងក្រុង អ៊ីស្លាម៉ាបាត ត្រូវបានចុះហត្ថលេខានៅក្នុងសន្និបាតនេះ ដោយមានវត្តមានអ្នកតំណាងមក ពីជាង៣០០ក្រុមហ៊ុនអាកាសចរ អង្គភាពគ្រប់គ្រងព្រលានយន្តហោះ៧០០ស្ថាប័ន ក្រសួងនិងអាជ្ញាធរទេសចរ១៣០ស្ថាប័ន មកពីជាង១១០ប្រទេស។
កាលពីឆ្នាំមុន ប្រទេសចិនបានបើកផ្លូវហោះហើរអន្តរជាតិថ្មី ចំនួន៣៨២ទិសដៅ នាំឱ្យចំនួនផ្លូវហោះហើរអន្តរជាតិ មានចំនួនសរុប កើនដល់១៦៣៤ទិសដៅ ពោលគឺកើនឡើងទ្វេដង បើធៀបនឹងចំនួនសរុបនាឆ្នាំ២០១៥។ នេះបើយោងតាមរដ្ឋបាលអាកាសចរស៊ីវិលចិន។ កាលពីឆ្នាំមុន មានគេធ្វើដំណើរតាមយន្តហោះសរុបចំនួន ប្រហែល៥៥០លានជើង ក្នុងប្រទេសចិន ពោលគឺស្មើនឹង១៦.៣ភាគរយ នៃការធ្វើដំណើរតាមយន្តហោះសរុបក្នុងពិភពលោក។
លោក ឈាវ ជែរឈិន ប្រធាន ព្រលានយន្តហោះអន្តរជាតិ គ័ងចូវ ប៉ាយយុន និយាយថា «ព្រលានយន្តហោះអន្តរជាតិ គ័ងចូវ ប៉ាយយុន គឺជាព្រលានដ៏សំខាន់មួយ ដែលស្ថិតនៅចំនុចចាប់ផ្តើមរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ពេលយើងមានផ្លូវហោះហើរកាន់តែច្រើន វាក៏នឹងលើកស្ទួយដល់វិស័យទេសចរ ការធ្វើជំនួញ និងការដោះដូរគ្នាផ្នែកវប្បធម៌ទៅវិញទៅមក រវាងប្រទេសចិននិងបណ្តាប្រទេសទាំងឡាយ ដែលស្ថិតនៅតាមផ្លូវជំនួញ ខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ»។
ប្រទេសចិន គឺជាទីផ្សារអាកាសចរធំបំផុតលំដាប់ទី២ ក្នុងពិភពលោក។
លោក ធីវ៉ូល ហ្គេប្រេម៉ារាម នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរ អ៊ីស្យូពី និយាយថា «ក្រុមហ៊ុនរបស់យើងកំពុងវិនិយោគប្រាក់យ៉ាងច្រើន ទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺក្នុងប្រទេសចិនតែម្តង ពីព្រោះចិន គឺជាទីផ្សារដែលធំបំផុតរបស់យើង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយឥណ្ឌាជាទីផ្សារធំបំផុតលេខពីររបស់យើង។ ដូច្នេះយើងចង់ពង្រីកវត្តមានរបស់យើង ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត»។
លោក ធីវ៉ូល បាននិយាយថា ចំនួនអ្នកធ្វើដំណើរតាមយន្តហោះរវាងប្រទេសចិន និងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក នឹងបន្តកើនឡើង២០ភាគរយ ជារៀងរាល់ឆ្នាំ។ ហើយក្រុមហ៊ុនរបស់លោក កំពុងគ្រោងបើកផ្លូវហោះហើរថ្មីៗបន្ថែមទៀត មកកាន់ទីក្រុង សិនជិន ព្រមទាំងបន្ថែមជើងហោះហើរមកកាន់ទីក្រុង គ័ងចូវ និងទីក្រុងផ្សេងៗទៀត ក្នុងប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)