(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺថា ពិតជាបានបែងចែកដីគោលនយោបាយ ជូនពលរដ្ឋទាំងឡាយណា ដែលជាប់ពាក់ពន្ធ័នឹងការកាន់កាប់ អាស្រ័យផលជាក់ស្តែងនៅតំបន់ក្បាលឆាយ ដើម្បីសាងសង់លំនៅដ្ឋានរស់នៅស្របច្បាប់ ដោយមិនមានការចែងចែកថាអ្នកនោះជាប្រជាជន គ្រួសារមន្ត្រី ឬអ្នកសារព័ត៌មានឡើយ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយមានខ្លឹមសារថា «លោក យន្ត មីន បានចែកដីឲ្យអ្នកកាសែត ដើម្បីជាថ្នូរមិនចុះផ្សាយរឿងអាស្រូវ ឬបិទមាត់»។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបំភ្លឺដោយមានខ្លឹមថា រយៈកាលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ពិតជាបានផ្តល់ចំណែកដីគោលនយោបាយ មានទំហំ៥ម៉ែត្រ គុណ២០ម៉ែត្រ ជូនប្រជាពលរដ្ឋទាំងឡាយ ដែលមានការជាប់ពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលជាក់ស្តែង នៅតំបន់ក្បាលឆាយ ដើម្បីសាងសង់លំនៅដ្ឋានរស់នៅមាន គោលដៅប្រមូលផ្តុំពួកគាត់ និងទប់ស្កាត់ការទន្ទ្រានចូលកាន់កាប់ដោយអនាធិបតេយ្យ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្របតាមអនុក្រឹត្យលេខ១១៦ អនក្រ ប.ក របស់រាជរដ្ឋាភិបាលដែលបានកំណត់ដើម្បីរក្សាទុក ជាប្រភពទឹកស្អាត សម្រាប់នៅទទូទាំងខេត្តព្រះសីហនុ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ការផ្តល់ជូនេះមិនមានការរើសអើង ប្រកាន់បក្ខពួក និន្នាការ ឬប្រកាន់ថាជាពលរដ្ឋធម្មតា គ្រូសារមន្ត្រី គ្រួសារកងកម្លាំង ឬអ្នកសារព័ត៌មាននោះឡើយ។ ក្នុងចំណោមអ្នកដែលបានទទួលគោលនយោបាយទាំងនោះ ក៏មានក្រុមគ្រួសារអ្នកសារព័ត៌មានខ្លះ នៅខេត្តព្រះសីហនុ ដែលកន្លងមកបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលជាក់ស្តែង នៅតំបន់ក្បាលឆាយនេះដែរ។
សូមបញ្ជាក់ថា អ្នកដែលបានរស់នៅកាន់កាប់ និងអាស្រ័យផលនៅតំបន់ក្បាលឆាយ ក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ (តំបន់ការពារសំរាប់រក្សាប្រភពទឹកសាប ក្បាលឆាយ) ត្រូវបានរដ្ឋដកហូតដោយផ្តល់ជំនួសមកវិញ នូវចំណែកដីគោលនយោបាយមានទំហំ៥ម៉ែត្រ គុណ២០ម៉ែត្រ និងបានបែងចែកជាឡូតិ៍ៗ មានប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ លូ សម្រាប់ឲ្យពួកគាត់រស់នៅ ដោយស្របច្បាប់តកូនចៅហើយមានទីតាំងក្បែទីប្រជុំជន នៃសង្កាត់លេខ១ ក្រុងព្រះសីហនុតែម្តង។
គិតមកដល់ពេលនេះ ដីឡូតិ៍ប្រមាណ១,០០០ក្បាលដីហើយ ត្រូវបានផ្តល់ជូនពលរដ្ឋប្រមាណ១,០០០គ្រួសារដែរ តាមរយៈដាក់ឲ្យចាប់ឆ្នោតយកលេខសំគាល់ក្បាលដី ដែលបានរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងអាណត្តិ លោក យន្ត មីន៕