(ស្ទឹងត្រែង)៖ លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធ ដើម្បីចាត់វិធានការអនុវត្តដកបង្គោលដាំលើដីព្រៃរដ្ឋ យ៉ាងអនាធិបតេយ្យ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចអីប៊ូក ស្ថិតនៅក្នុងឃុំស្តៅ ស្រុកសេសាន ដែលជាផ្លូវចូលអតីតដីសម្បទានរបស់ក្រុមហ៊ុន សុខ ហេង។
លោក អន ចាន់សុជាតិ នាយខណ្ឌរងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់នៅចំណុចខាងលើនេះ មានទំហំក្បាលដី១៥០០ម៉ែត្រ ដែលពីមុនជាដីសម្បទានសេដ្ឋកិច្ចរបស់អតីតក្រុមហ៊ុន សុខ ហេង ដែលរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋជាច្រើនឆ្នាំមកហើយ តែនាថ្មីៗនេះ មានប្រជាពលរដ្ឋចំនួនតូច បានរុករានចាប់យកជាកម្មសិទ្ធ។ ដោយបានដឹងពីសកម្មភាពនេះ អាជ្ញាធរខេត្តបានដឹងទាន់ និងធ្វើប្រតិបត្តិការរុះរើចេញ។
លោកបានបន្តទៀតថា ចាប់ពីចំណុចអីប៊ូក ក្នុងឃុំស្តៅ ស្រុកសេសាន ការទន្ទ្រានដីមានចំនួន៩ចំណុច ក្នុងនោះមាន៣ចំណុច សង់កូនខ្ទម និងមានដាំដំណាំផ្សេងៗ ដែលកូនខ្ទមទាំង៣នេះ មន្រ្តីជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការ រកមុខម្ចាស់មកទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយឲ្យរុះរើចេញ។
មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងផងដែរថា ដីនេះពីមុនគឺជាដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន សុខ ហេង ដើម្បីដាំដំណាំកសិឧស្សាហកម្ម ដែលរដ្ឋបានសម្បទានចំនួន៧៤០០ហិកតា ហើយមិនធ្វើការអភិវឌ្ឍអ្វីសោះ។ ដីនេះត្រូវបានដកហូត កាត់មកនៅសល់៦២០ហិកតា។ ក្រោយមកទៀតទោះបីក្រុម ហ៊ុន សុខ ហេង សល់ដី៦២០ហិកតា ក៏គ្មានការអភិវឌ្ឍអ្វីសោះ ទើបរាជរដ្ឋាភិបាល បានដកដីទាំងនោះមកជាសម្បត្តិរដ្ឋទាំងស្រុងវិញ។
លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឱ្យដឹងថា មន្រ្តីនៃមន្ទីរសាម៉ីនឹងរៀបចំចុះបញ្ជី នៅពេលខាងមុខឆាប់ៗនេះ ដើម្បីហ៊ុមព័ទ្ធ រួចប្រគល់ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រង។
លោក ជា ថាវរិទ្ធ បានគូសបញ្ជាក់ថា ក្រោយពីចុះដកហូតបង្គោលរបង និងលើកស្លាកដើម្បីចៀសវាង ការទន្ទ្រានដីជាបន្តទៀត លោកនឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធ ចុះល្បាតរៀងរាល់១សប្តាហ៍ម្តង បើឃើញមានករណីរុះរានដីព្រៃ ដោយខុសច្បាប់ទៀតនោះ លោកនឹងអនុវត្តទៅតាមច្បាប់តែម្ដង៕