(ភ្នំពេញ​)៖​ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា បានបើកប្រតិបត្តិការ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសង​ប្រភេទហ្គេមបាញ់ត្រី​ ដោយឃាត់ខ្លួនមនុស្សចំនួន​​១៨នាក់​ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីជាច្រើនគ្រឿង នៅសង្កាត់ស្រះចក សង្កាត់ជ័យជំនះ សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារថ្មី៣។

*ករណីទី១៖ លោក​វរសេនីយ៍ឯក​ ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានប្រាប់​ភ្នាក់ងារ​ Fresh News ឲ្យ​ដឹងថា​ នៅក្នុងប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងល្បែងស៊ីសង​ ប្រភេទហ្គេមបាញ់ត្រីទាំង​​៣ទីតាំង​នៅ នៅត្រង់ចំណុចជិតព្រះវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ក្នុងខណ្ឌដូនពេញនេះ​ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួនជាច្រើននាក់ និងទូហ្គេមបាញ់ត្រីជាច្រើនគ្រឿងផងដែរ។

លោក​ ប៊ុន​ សន្យា​ បានបន្តទៀតថា​ ក្រោយពីការតាមដានមុខសញ្ញា​ និងឃ្លាំមើលអស់យៈពេលជិត​៣ខែមកហើយនេះ​ ទើបសមត្ថកិច្ចជំនាញ​បានកំណត់ទីតាំង​ និងមុខសញ្ញាច្បាស់​ ហើយឈានដល់ការបើក​ប្រតិបត្តិការ​ ឆ្មក់ចូលបង្ក្រាបទីតាំងខាងលើ​នេះ​ ព្រមទាំងបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង។

ជាក់ស្តែង​ កម្លាំងសមត្ថកិច្ច​បានធ្វើការឃាត់មនុស្សប្រុសស្រីចំនួន១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ ក្នុងនោះមានទូហ្គេមបាញ់ត្រីចំនួន​៥គ្រឿង និងទូហ្គេមបៀរចំនួន​​៥គ្រឿង។​

ក្រោយពីធ្វើការឃាត់ខ្លួនមនុស្សចំនួន​១៨នាក់ និងវត្ថុតាងរួចមក​​កម្លាំងសមត្ថកិច្ចជំនាញ​ បានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។​

*ករណីទី២៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩៖៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក អ៊ឹម ភា ប្រធានការិយាល័យវប្បធម៌ខណ្ឌ សហការជាមួយសង្កាត់ជ័យជំនះ និងនគរបាលប៉ុស្តិ៍ជ័យជំនះ ចុះត្រួតពិនិត្យទីតាំងអ៉ីនធើណេត២៤ម៉ោងយីហោ VVIP-NER ដែលមានទីតាំងនៅផ្ទះលេខ១០៩E0 ផ្លូវលេ១៩ សង្កាត់ជ័យជំនះ ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ីន ស្រីម៉ុច ភេទស្រី អាយុ២៧ឆ្នាំ។ ក្រោយពីចុះត្រួតពិនិត្យរួចមកឃើញថា ទីតាំងមានកុំព្យូទ័រចំនួន១៥ទូ ជាប្រភេទទូ ដែលមានវេបផ្សាយល្បែងស៊ីសង (AA2888)។ គណៈកម្មការបានបិទអាជីវកម្មខាងលើបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងអនុវត្តតាមកាណែនាំទើបឲ្យបើកដំណើរការឡើងវិញ។

*ករណីទី៣៖ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ លោក សុខ ពេញវុធ បានបញ្ជាឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំង ផ្ទះដែលប្រកបអាជីវកម្មល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ជាប់សណ្ឋាគារអង្គរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:០០នាទី។

ជាលទ្ធផល ក្រោយពីគណៈកម្មការចុះត្រួតពិនិត្យរួចមកឃើញថា ពុំមានទូរហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទូកុំព្យូទ័រ (NET-24H 5555)។ ដោយទីតាំងខាងលើពុំមានលិខិត្តអនុញ្ញាត្រឹមត្រូវ គណៈកម្មកាក៏បានសំរេចបិទអាជីវកម្មនេះទាំងស្រុង ដោយមិនអនុញ្ញាឲ្យប្រកបអាជីវកម្មអ៊ីធើណេតទៀតឡើយ។

*ករណីទី៤៖ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទីរសៀល លោក សុខ ពេញវុធ បានបញ្ជាឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន០៣ទីតាំង ស្ថិតនៅផ្លូវលេខ១៧៤ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងនៅក្នុងផ្សារតូចផ្លាហ្សា (០២ទីតាំង)។

ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០៩ទូ, ទូខូចៗចំនួន០៣ទូ។ បន្ទាប់ពីធ្វើកំណត់ដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០៩ទូ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត៕