(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសលើការងារអតីតយុទ្ធជន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើដំណើរចុះដល់ទឹកដីខេត្តកែបហើយ ដើម្បីថ្លែងអំណរគុណអតីតយុទ្ធជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនបងប្អូនអតីតយុទ្ធជនផងដែរ។

នៅចំពោះមុខបងប្អូនអតីតយុទ្ធជនដែលត្រូវទទួលបានប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គមនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងពីការនឹករលឹក និងការគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក គន់ គីម បានលើកឡើងយ៉ាងដូច្នេះ «ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់បងប្អូនអតីតយុទ្ធជនរបស់យើង ហើយបានផ្តាំផ្ញើតាមខ្ញុំឲ្យមកសាកសួរសុខទុក្ខដល់បងប្អូនទាំងអស់គ្នា។ បើទោះបីសម្តេចទាំងទ្វេជាប់មមាញឹកជាមួយកិច្ចការរបស់ជាតិយ៉ាងណាក្តី តែសម្តេចមិនដែលភ្លេចបងប្អូននោះឡើយ»

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ព្រោះតែការយកចិត្តទុកដាក់នេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន បានឲ្យខាងសមាគមអតីតយុទ្ធជនខិតខំរៀបចំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជនទាំងអស់ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ ដែលជាការរួមចំណែកកាត់បន្ថយនូវការចំណាយរបស់អតីតយុទ្ធជន បានមួយកម្រិតទៀត។

លោក គន់ គីម ក៏បានផ្តាំផ្ញើផងដែរថា បងប្អូនអតីតយុទ្ធជនត្រូវកាន់ប័ណ្ណ និងបង្ហាញប័ណ្ណទៅក្រុមគ្រូពេទ្យរាល់ពេលទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ក៏ដូចជាកន្លែងព្យាបាលមានកិច្ចសហប្រតិបត្តិការ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម។ លោកទេសរដ្ឋមន្ត្រី បានផ្តាំទៀតថា ប្រសិនបើពេលទៅរកសេវាក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់ ឬព្រងើយកន្តើយសម្រាប់បងប្អូនអតីតយុទ្ធជន ដែលកាន់ប័ណ្ណ ត្រូវប្រញាប់រាយការណ៍ទៅកាន់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជិតកន្លែងពួកគេរស់នៅ ដើម្បីដោះស្រាយលើបញ្ហាទាំងនោះ។

បន្ទាប់ពីបានរៀបរាប់ពីសារៈប្រយោជន៍របស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម និងការប្រើប្រាស់ប័ណ្ណនេះទៅ លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តរបស់បងប្អូនអតីតយុទ្ធជននេះ ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងការជ្រើសរើសយកមេដឹកនាំដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ។

លោក គន់ គីម ក៏បានលើកបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឹងប្រែងធ្វើការងារទ្វេដង ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាស​នោះ​ ឯកឧត្ដម​ គន់​ គីម​ អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ ពីសម្តេចតេជោ​ ប្រធាន​សមាគម​ ជូនដល់​បងប្អូន​សមាជិក​ ស​ អ​ ក​ យើង​ទាំងអស់​គ្នា​ បន្ទាប់​មក​ ឯកឧត្ដម​ ក៏បានថ្លែងអំណរគុណដល់បងប្អូនយើងនៅខេត្តកែប​ ដែល​បានទៅបោះឆ្នោតនឹងមានភាគរយខ្ពស់ជាងគេបើប្រៀបធៀបជាមួយខេត្តផ្សេងទៀត​ ។

នៅក្នុងឱកាសចុះចែកប័ណ្ណនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានសុំឲ្យអភិបាលខេត្ត​កែប ដោះស្រាយដីជូនអតីតយុទ្ធជន​ ​១៦នាក់ដែលអត់ដី​អត់ផ្ទះ​ ហើយរូបលោក​ នឹងគោរពស្នើសុំ​សម្តេចេជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជនសាងសង់ផ្ទះជូនអតីតយុទ្ធជនពេលពួកគាត់ទទួលបានដី៕