(Kiev)៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden នៅថ្ងៃចន្ទម្សិលមិញបានថ្លែងថា អ៊ុយក្រែន មានកិច្ចការលំបាកជាច្រើនទៀត ដែលត្រូវធ្វើលើការកែទម្រង់ ស្របពេលដែលលោកបានប្រកាសផ្តល់នូវជំនួយហិរញ្ញវត្ថុថ្មីមួយ ទៅកាន់អ៊ុយក្រែន ជាមួយនឹងទឹកប្រាក់ ១៩០លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការផ្សព្វផ្សាយពីការិយាល័យធិបតេយ្យ នេះបើតាមព័ត៌មាន​ Reuters ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ។ 

«វាគឺមានការរិះគន់យ៉ាងខ្លាំង ចំពោះអ៊ុយក្រែន លើបញ្ហាអំពើពុករលួយ ហើយអ្វីដែលនឹងកើតឡើងសម្រាប់ឆ្នាំក្រោយ គឺដូចទៅនឹងការកំណត់នៃជោគវាសនា សម្រាប់សម័យកាលនៃប្រទេសមួយនេះ» នេះបើតាមការលើកឡើង របស់លោក Biden ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី។

បណ្តាប្រទេសលោកខាងលិច ដែលគាំទ្រអ៊ុយក្រែន បានជម្រុញសាជាថ្មីម្តងទៀត ឲ្យក្រុមអាជ្ញាធរទីក្រុង Kiev ដើម្បីធ្វើការកែទម្រង់លើកិច្ចសន្យាដែលបានធ្វើឡើង ក្រោមកម្មវិធីអន្តរជាតិជាមួយនឹងទឹកប្រាក់ ៤០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចនៃប្រទេសសង្គ្រាមមួយនេះ ដែលបាន​ក្ស័យធុន ដោយសារអំពើពុករលួយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ៕