(ព្យុងយ៉ាង)៖ លោក Kim Yang Gon ជាមន្ត្រីជាន់ខ្ពស់មួយរូប នៃបក្សប្រជាធិបតេយ្យសាធារណរដ្ឋកូរ៉េ (DPRK) របស់កូរ៉េខាងជើង បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា នៅថ្ងៃអង្គារ នេះបើតាមព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ។

មុនពេលលោកស្លាប់ លោក Kim អាយុ ៧៣ឆ្នាំ បានបម្រើការងារជាប្រធានមន្ទីររណសិរ្សប្រឆាំងរួម និងជាលេខាធិការនៃគណៈកម្មាធិកាកណ្តាលបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច។ លោកបានក្លាយជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិកាកណ្តាលបក្ស WPK នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចុះផ្សាយយ៉ាងច្រើន អំពីជីវិតរបស់លោក Kim Yang Gon ថាជាអ្នកប្រយុទ្ធបដិវត្តន៍ដ៏ស្មោះត្រង់ របស់អតីតមេដឹកនាំកូរ៉េខាងជើងលោក Kim Il Sung និង Kim Jong Il ហើយជាអ្នកជំនិតបំផុត របស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺលោក Kim Jong Un។

កាលពីខែតុលា ឆ្នាំ២០១៤ លោក Kim Yang Gon ត្រូវបានបញ្ជូនឲ្យទៅចូលរួមពិធីបិទព្រឹត្តិការណ៍ Incheon Asia Games នៅកូរ៉េខាងត្បូង ជាមួយនឹងមន្ត្រីជាន់ខ្ពស់២រូបទៀត ដើម្បីបង្កើននូវទំនាក់ទំនងកូរ៉េទាំងពីរ ដោយនេះគឺជាប្រតិភូកម្រិតខ្ពស់បំផុត ដែលត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង ចាប់តាំងពីលោក Kim Jong Un ឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១១៕​