(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន៣៨រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។

ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី១១-២០៖

* នាយករដ្ឋមន្ត្រីទី១១ គឺលោក ខួង អភ័យវង្ស (Khuang Aphaiwong) កាន់តំណែងលើកទី៣ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤៨ (រយៈពេល១៥០ថ្ងៃ)។ គណបក្សឯករាជ្យរបស់លោកបានប្ដូរមកជាគណបក្សប្រជាធិបតេយ្យ។ គួរជម្រាបថា លោក ថ្វ័ល្យ ទម្រង់នាវាស្វស្ដី ត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារនាឆ្នាំ១៩៤៧ ក្រោមការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ហើយគណបក្សប្រឆាំង គឺគណបក្សឯករាជ្យ ឬគណបក្សប្រជាធិបតេយ្យរបស់លោក ខួង អភ័យវង្ស ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។ លោក ខួង អភ័យវង្ស ក៏ត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារវិញដែរ ដោយសារតែរឿងជាប់ឈាមជ័រជាខ្មែរ ហើយអ្នកកាន់តំណែងជំនួសគឺសេនាប្រមុខ ប្លែក វិបុលសង្គ្រាម។

* នាយករដ្ឋមន្ត្រីទី១២ គឺសេនាប្រមុខ ប្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) កាន់តំណែងចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤៨ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៥៧ (រយៈពេល៩ឆ្នាំ និង១៦១ថ្ងៃ)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។ ការឡើងកាន់អំណាចរបស់លោក គឺជួយឱ្យរបបយោធានៅថៃមានជីវិតឡើងវិញ។ ប៉ុន្តែអំឡុងពេលពេលសេនាប្រមុខ ប្លែក វិបុលសង្គ្រាម កាន់តំណែងនោះក៏កើតមានកុប្បកម្មពីសំណាក់ប្រជាពលរដ្ឋថៃដែរ ដែលធ្វើឱ្យព្រះចៅភូមិពលមិនសប្បាយព្រះទ័យឡើយ ហើយរដ្ឋប្រហារក៏កើតមាន និងទម្លាក់នាយករដ្ឋ ប្លែក វិបុលសង្គ្រាម បានសម្រេច ខណៈអ្នកឡើងកាន់តំណែងជំនួស គឺលោក ពចន៍ សារសិន្ទ (Pote Sarasin)។

* នាយករដ្ឋមន្ត្រីទី១៣ គឺលោក សឫស្តិ៍ ធនរ័ត្ន (Sarit Thanarat) កាន់តំណែងបណ្ដោះអាសន្ន៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ១៩៥៧។ លោកជាមេបញ្ជាការយោធា។

* នាយករដ្ឋមន្ត្រីទី១៤ គឺលោក ពចន៍ សារសិន្ទ (Pote Sarasin) កាន់តំណែងចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៨ (រយៈពេល១០២ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សឯករាជ្យ។ លោកគឺជាអ្នកដឹកនាំធ្វើរដ្ឋប្រហារទម្លាក់សេនាប្រមុខ ប្លែក វិបុលសង្គ្រាម ពីតំណែងនាយករដ្ឋមន្ត្រី និងបានដឹកនាំការធ្វើកំណែទម្រង់នយោបាយនៅប្រទេសថៃ។

* នាយករដ្ឋមន្ត្រីទី១៥ គឺលោក ថ្នម កិត្តិខ្ទរ (Thanom Kittikachorn) កាន់តំណែងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៥៨ (រយៈពេល២៩២ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សសង្គមនិយម (National Socialist)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។

* នាយករដ្ឋមន្ត្រីទី១៦ គឺលោក សឫស្តិ៍ ធនរ័ត្ន (Sarit Thanarat) កាន់តំណែងចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៥៨ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៣ (រយៈពេល៥ឆ្នាំ និង៤៩ថ្ងៃ)។ លោកជាមេបញ្ជាការយោធា។

នាយករដ្ឋមន្ត្រីទី១៧ គឺលោក ថ្នម កិត្តិខ្ទរ (Thanom Kittikachorn) កាន់តំណែងលើកទី២ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៦៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៣ (រយៈពេល៩ឆ្នាំ និង៣០៩ថ្ងៃ)។ លោកជាមេបញ្ជាការយោធាមួយរូបដែរ។ អំឡុងពេលកាន់តំណែង៩ឆ្នាំនេះ មានក្រុមនិស្សិតប្រមាណ៤០ម៉ឺននាក់បានធ្វើបាតុកម្មទម្លាក់លោក ថ្នម កិត្តិខ្ទរ ពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីផ្លាស់ប្ដូររបបយោធាមកជារបបប្រជាធិបតេយ្យពិតប្រាកដវិញ។ តំណែងនាយករដ្ឋមន្ត្រី ក៏ត្រូវបានជំនួសដោយបេក្ខជនមកពីគណបក្សប្រឆាំង គឺលោក សញ្ញា ធម្មស័ក្តិ (Sanya Dharmasakti)។

* នាយករដ្ឋមន្ត្រីទី១៨ គឺលោក សញ្ញា ធម្មស័ក្តិ (Sanya Dharmasakti) កាន់តំណែងចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៧៥ (រយៈពេល១ឆ្នាំ និង១២៤ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សឯករាជ្យ។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។

* នាយករដ្ឋមន្ត្រីទី១៩ គឺហ្មមរាជវង្ស​ សេនីយ៍ ប្រមោជ (Seni Pramoj) កាន់តំណែងលើកទី២ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៧៥ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ (រយៈពេល២៧ថ្ងៃ)។ លោកបានប្ដូរមកជាគណបក្សប្រជាធិបតេយ្យ។

 

 

*​ នាយករដ្ឋមន្ត្រីទី២០ គឺហ្មមរាជវង្ស​ គឹកឫទ្ធិ ប្រមោជ (Kukrit Pramoj) កាន់តំណែងចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៦ (រយៈពេល១ឆ្នាំ និង៣៧ថ្ងៃ)។ លោកបានប្ដូរមកជាគណបក្សសង្គមកិច្ច។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។

អត្ថបទភាគ១៖ https://plus.freshnewsasia.com/index.php/en/knowledge/337037-2024-04-17-11-00-30.html