(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជួសមុខឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «លោកអ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះគឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក ជាពិសេសបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការចូលរួមជាមួយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំកិច្ចការងារសមាគមឧកញ៉ាកម្ពុជា ឱ្យបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខ ក្នុងស្មារតីរួបរួមសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា។

ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរ និងសូមជូនពរ លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕