(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសការធ្វើដំណើរទៅលេងកម្សាន្តព្រំដែនឡាវ និងតំបន់ទេសចរណ៍ទឹកធ្លាក់ព្រះនិម្មិត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះថា៖ «កំណាត់ផ្លូវជាតិលេខ៩៤ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅមួយ (ព្រំដែនឡាវ) ប្រវែង៦១គីឡូម៉ែត្រ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលថែទាំឡើងវិញ ដោយថែមដីល្បាយថ្ម កៀសម្រួល ស្រោចទឹក កិនបង្ហាប់ បន្ទាប់ពីកំណាត់ផ្លូវនេះបានរងការខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំនារដូវវស្សានេះ»។
ប្រធានមន្ទីរបានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយស្រួល លោកថាក្រោយរដូវវស្សាចប់ទឹកភ្លៀង ក្រុមការងារនឹងចាប់ផ្តើមធ្វើសកម្មភាពជួសជុលថែទាំផ្លូវឡើងវិញជាបន្តបន្ទាប់។
លោក សំ លាងទ្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់យើងប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការចាក់ដីខ្ពស់ជាងផ្លូវ កុំយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ លុបអូរ ពិសេសកុំដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់ដែលច្បាប់បានកំណត់៕